ភ្នំពេញ៖ ចែកផ្លូវគ្នាប្រហែល ១ខែ បុរសជាប្ដីក៏បានសុំត្រូវរ៉ូវគ្នា ជាប្រពន្ធតែប្រពន្ធមិនព្រម ធ្វើឲ្យបុរសជាប្ដីខឹងខ្លាំង រហូតជិះម៉ូតូដេញតាមចាក់សម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម រួចក៏អារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ។
ហេតុការណ៍ចាក់សម្លាប់ប្រពន្ធ រួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយនេះ កើតឡើងកាលពីម៉ោង ៨៖២៥នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។
ប្រភពដដែលបន្តថា ជនសង្ស័យ និងជនរងគ្រោះបានចែកផ្លូវគ្នា ប្រហែលមួយខែមកហើយ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះក៏បានជិះម៉ូតូទៅយកកូន ។ ពេលជនរងគ្រោះកំពុងដឹកកូន ជនសង្ស័យតាមដល់កន្លែងកើតហេតុ ក៏បានចាក់ទៅលើជនរងគ្រោះតែម្តង ៕