ភ្នំពេញ៖ ទោះបីពេលនេះប្រទេសជាតិ កំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ ជាក់ស្ដែងនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវ ៣៨ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់ នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះ ហើយសង្ឃឹមថា នៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។
សម្ដេចតេជោ ក៏បានអរគុណចំពោះការរួមចំណែក ពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើឲ្យយើងសន្សំ បានថវិកាប្រមាណជាង ៦០០លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស ។
ទន្ទឹមគ្នានេះដែរអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានធ្វើលិខិតថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្នុងលិខិតនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប។
ជាថ្មីម្តងទៀត ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ លោកអភិបាលខេត្តសៀមរាប ក៏បានគោរពជូនពរជ័យ សិរីមង្គល គ្រប់ប្រការ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមសមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕