ដំណឹងល្អ! ជប៉ុន នឹងផ្ដល់ម៉ាស៊ីន X-ray ដល់កម្ពុជាសម្រាប់ស្កេនទំនិញ សំដៅបង្ការនិងទប់ស្កាត់ បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន (Video)

0

ភ្នំពេញ៖ លោក Yoshiki Yokoyama លេខាទី១ ទទួលបន្ទុកកិច្ចការសន្តិសុខ នៃស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រាប់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថាភាគីជប៉ុនមានបំណងផ្តល់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នូវម៉ាស៊ីន X-ray ចំនួន ៥គ្រឿង ដែលមានតួនាទីស្កេនទំនិញ ឬ សម្ភារវេចខ្ចប់ផ្សេងៗ របស់អ្នកដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗ សំដៅបង្ការ និងទប់ស្កាត់ បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលអាចឈានដល់ការ បង្កហានិភ័យផ្សេងៗ ជាយថាហេតុ ខណៈដែលប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ២០២២ នាពេលខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកអន្តោប្រវេសន៍។

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក Yoshiki Yokoyama លេខាទី១ ទទួលបន្ទុកកិច្ចការសន្តិសុខ នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាបានថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដែលបានខិតខំសម្របសម្រួល ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន នៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ប្រកបដោយជោគជ័យ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ មានសេចក្តីរីករាយ និងបានថ្លែងអំណរគុណភាគីជប៉ុន ចំពោះគោលបំណង និងការផ្តល់ជូនខាងលើ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនភាគីជប៉ុនផងដែរថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការ ជាមួយស្ថានទូតជប៉ុន ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រពលរដ្ឋជប៉ុន ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា និងសម្របសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋជប៉ុន ក្នុងដំណាក់កាលនៃជម្ងឺកូវីដ-១៩ នេះ។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថានទូតជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា តាមរយ:ការជួយកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន និងការផ្តល់ជូននូវការបណ្តុះបណ្តាល ជំនាញក្នុងវិស័យនានា ក្នុងនោះក៏មានផងដែរ ការបណ្តុះបណ្តាលជំនាញ ដល់មន្រ្តីអនុវត្តច្បាប់ ៕