ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុនបានថ្លែងអំណរគុណ ដល់ រដ្ឋាភិបាលចិន ដែលបានជួយជំរុញ និងបើកផ្លូវឲ្យក្រុមហ៊ុនចិនធំៗ មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលការវិនិយោគនេះជាផ្នែកមួយ យ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យនេះ ឲ្យរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ក្នុងពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ ក្រុមហ៊ុនចិននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក វេង សាខុនសង្ឃឹម និងជឿជាក់ក្រុមហ៊ុននឹង ជួយផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម គ្រប់ប្រភេទក្នុងតម្លៃសមរម្យ អាចទទួលយកបាន។
ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ដែលបានជំនួយឧបត្ថម្ភជាគ្រឿងយន្ត សម្រាប់បម្រើឲ្យវិស័យកសិកម្ម ដែលជាផ្នែកមួយជួយជំរុញការអភិវឌ្ឍ អនុវិស័យផលិតកម្មដំណាំកសិ-ឧស្សាហកម្ម។
លោកបានបន្តទៀតថា ជំនួយដ៏មានតម្លៃនេះនឹងចូលរួម ចំណែកក្នុងការលើកកំពស់ ប្រសិទ្ធភាពការងារ ចំណេញពេលនិងពលកម្ម ជាពិសេសចូលរួមលើកកំពស់ ការធ្វើទំនើបកម្មកសិកម្មតាមរយៈ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត ធានាទាំងបរិមាណផ្គត់ផ្គង់ និងគុណភាព ស្របតាមប្រសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងតែជំរុញយ៉ាងសកម្មចលនា បង្កបង្កើនផលដើម្បីធានាសុវត្ថិភាព ស្បៀងសម្រាប់គ្រួសារ និងសម្រាប់សង្គម។
សូមបញ្ជាក់ជូនថា គ្រឿងយន្តកសិកម្មដែលទទួលបានមាន៖ ត្រាក់ទ័រ ៣គ្រឿង គ្រឿងយន្តប្រមូលពោត ០១ គ្រឿងយន្តរាស់ដី ០១ គ្រឿងយន្តដាំគ្រាប់ ០២ គ្រឿងយន្តសាបគ្រាប់ ០២ Droon ០១ គ្រឿងយន្តសណ្តោង ០១ និង Round Baker ០២៕