ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានហាម មន្រ្តីក្រោមឱវាទ ទាំងអស់ដាច់ខាតមិនត្រូវ ធ្វើមន្ត្រីគ្រាប់ល្ពៅប្រភេទទី១ ដែលពូកែរាយការណ៍ភូតថ្នាក់ដឹកនាំ និងទម្លាក់កំហុសឲ្យអ្នកដទៃនោះឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឱ្យអនុវត្តបន្តការកែទម្រង់ ស៊ីជម្រៅរបស់ក្រសួង ដើម្បីពង្រឹង និងកែលម្អការផ្ដល់សេវា សាធារណៈគ្រប់ប្រភេទ ដោយគោរពតាមពាក្យស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូនអំពី សកម្មភាពបន្តអនុវត្តគម្រោង ក៏ដូចជាបន្តការចរចារជាមួយ ក្រុមហ៊ុនសាងសង់ និងដៃគូអភិវឌ្ឍន៍លើការពង្រីក និងលើកកម្ពស់គុណភាពផ្លូវនានា ទោះបីស្ថិតក្នុងសា្ថនភាពកូវីដ-១៩ក៏ដោយ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពី គោលការណ៍សាងសង់ផ្លូវឱ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងឡើយ។ គោលការណ៍នេះត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់បំផុតតាមរយៈ ការប្រើប្រាស់យន្តការ ចុះពិនិត្យឱ្យបានដិតដល់ ការបង្កើតក្រុមត្រួតពិនិត្យ ពិសេសតាមដានរាល់ការសាងសង់ របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីឱ្យក្រុមហ៊ុនសាងសង់ អនុវត្តឱ្យបានជាដាច់ខាតតាមលក្ខណៈ បច្ចេកទេស និងតាមកិច្ចសន្យា។
លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តការកែទម្រង់ ស៊ីជម្រៅរបស់ក្រសួង តាមរយៈការពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទឱ្យកាន់តែប្រសើរថែមទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោក “ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព” ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តអនុវត្តច្បាប់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ (បើខ្វះរថយន្តឆៀកចល័តត្រូវស្នើសុំ) គ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃរថយន្ត និងការកែច្នៃយានយន្តខុសពី លក្ខណៈបច្ចេកទេសឱ្យបានជាដាច់ខាត។
ឆ្លើយតបទៅនឹងសំណូមពរ របស់អភិបាលខេត្តទាក់ទងនឹងផ្លូវ ដែលមានជង្ហុកសំបុកមាន់ លោកទេសរដ្ឋមន្ត្រីបានណែនាំ ក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋទាំងអស់ ដំឡើងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅលើទូរសព្ទស្មាតហ្វូនរបស់បងប្អូន ថតរូបភាពផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅក្រុមការងារទទួលបន្ទុក ដើម្បីឱ្យក្រុមការងារបាន ជួសជុលទាន់ពេលវេលា ជៀសវាងការខូចរីករាលដាលកាន់តែធំ ចំណាយកាន់តែច្រើន។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តឱ្យថែរក្សា សុខភាពអនាម័យខ្លួនប្រាណ កាត់បន្ថយការជួបជុំមិនចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពដើម្បី ចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំបង្ការ ឬទប់ស្កាត់នៅឡើយ។
លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក្រើនរំលឹកមន្ត្រីទាំងអស់ឱ្យ អនុវត្តតាមអនុសាសន៍១១ ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសរឿងនិទានមន្ត្រីគ្រាប់ល្ពៅ ក្នុងនោះ៖ មន្ត្រីគ្រាប់ល្ពៅប្រភេទទី១ បានទូលព្រះអង្គថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទានគឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះអង្គរដែរ តែត្រូវកងការពារព្រះរាជវាំងមិនឱ្យចូល។ មន្រ្តីប្រភេទទី២ បានទូលព្រះអង្គ ថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទានគឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។ មន្រ្តីប្រភេទទី៣ បានទូលព្រះអង្គថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ និងមន្រ្តីប្រភេទទី៤ បានទូលព្រះអង្គដោយត្រង់ៗថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ មិនអាចដាំដុះបានទេ។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖« ហាមដាច់ខាត មិនត្រូវធ្វើជាមន្ត្រី គ្រាប់ល្ពៅប្រភេទទី១ ជាដាច់ខាត» ៕