គណៈកម្មការជំនាញរដ្ឋសភា​ ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

0

ភ្នំពេញ៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៤ នៃវិមានរដ្ឋសភា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីបញ្ជូនមកសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ រួមមាន ១២ជំពូក និង៩៧មាត្រា។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានា ការគ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណួល រក្សាសុវត្តិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិនិងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្តង់ដាមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ សម្រេចប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ពិនិត្យ សិក្សា ហើយរាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ៕