ភ្នំពេញ៖ ឪពុកម្ដាយមិននៅបណ្ដោយ ឲ្យក្មេងស្រីនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈមេឃកំពុងភ្លៀង ត្រូវជនមិនស្គាល់មុខចូល ទៅចាប់រំលោភសេពសន្ថវៈ រួចអារកសម្លាប់ចោល យ៉ាងព្រៃផ្សៃបំផុត នៅក្នុងថ្លុកឈាម ហើយជនដៃដល់បានគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អ៊ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងមានម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុច ខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយបងប្អូន ជនរងគ្រោះក៏ជាប់រវល់ នៅខាងមុខច្រកចូលផ្ទះជួលដើម្បីជ្រកភ្លៀង ហើយជនរងគ្រោះចេញ សារប្រមូលខោអាវ រួចហើយចូលក្នុងបន្ទប់បាត់ទៅ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញមានបុរសម្នាក់តែមិនស្គាល់ អត្តសញ្ញាណដើរចេញពីបន្ទប់ជនរងគ្រោះ ហើយជិះម៉ូតូទាំងមេឃ កំពុងធ្លាក់ភ្លៀងចាកចេញទៅបាត់។ ក្រោយមកពេលមេឃរាំងភ្លៀង បងប្រុសរបស់ជនរងគ្រោះ បានដើរចូលក្នុងបន្ទប់ ក៏ស្រែកឆោឡោដោយឃើញប្អូនស្រី ស្ថិតក្នុងសភាពអត់មានសម្លៀកបំពាក់ស្លាប់ ក្នុងថ្លុកឈាមដោយមានស្នាមអារក ផ្អើលដល់ក្រុមគ្រួសារនិងអ្នកជិតខាង ។
ភ្លាមៗនោះត្រូវបានកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចចុះទៅហ៊ុមព័ទ្ធ ទីតាំងកើតហេតុ និងបានសាកសួរ ជុំវិញករណីខាងលើ។ នៅកន្លែងកើតហេតុម្តាយ ជនរងគ្រោះស្រែកទ្រហោយំ ព្រោះសង្វេគដល់កូន រហូតដល់ដួលសន្លប់បាត់មាត់បាត់ក ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចពិនិត្យរួចប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ ចំណែកជនសង្ស័យដែល ជាឃាតកត្រូវនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈបម្រុងឡើងរថយន្តតាក់ស៊ីចេញទៅខេត្ត។ ក្នុងប្រតិបត្តិការស្រាវជ្រាវ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ។
ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរតនគិរី៕