ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោកប្រធាន លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ សហការជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយជញ្ជីងប្រាសាទ ស្ថានីយថ្នលកែង និងស្ថានីយខែលជ័យ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រសួងសាធារណការបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យ ១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៨គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ១២តោន ដល់ ២៧តោន។ ក្នុងនោះរថយន្ត ៤គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវរក្សាទុក និងដោះស្រាយដោយអនុលោម តាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។ កិច្ចប្រតិបត្តិការនេះបាន បញ្ចប់នៅវេលាម៉ោង ១យប់ ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០។
សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ៕