ដើមខែនេះ ពលរដ្ឋខ្មែរជិត ២០០នាក់ វិលចូលប្រទេសវិញ តាមច្រកអូរស្មាច់

0

ភ្នំពេញ៖ ទោះបីស្ថានភាពកូវីដ១៩ មិនទាន់មានលក្ខណៈធូរស្រាល យ៉ាងណាក៏ដោយ មិនថាប្រជាជាតិណា ក៏ដូចជា ប្រជាជាតិណាដែរ តែងតែនឹកឃើញមាតុភូមិរបស់ខ្លួន ដែលធា្លប់រស់នៅ  ជាក់ស្ដែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ ពលរដ្ឋខ្មែរជិត ២០០នាក់ បានវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្ដដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល ១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្ដទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។

ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១៨៣នាក់ ស្រី ៧៦នាក់៕