ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកើតឡើងលើក្រុមមនុស្ស នៅក្នុងពន្ធគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា មិនមែនជាករណីជំងឺកូវីដ១៩នោះទេ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា នាព្រឹកវេលាម៉ោង ៧និង១៥នាទី នៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យ ជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។
ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាល របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណៈបច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថា ឆ្លងជំងឺ ត្រូវបានធ្វើការបែងចែក ចេញដូចខាងក្រោមៈ
១.អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩
២.អ្នកសង្ស័យឆ្លងជំងឺ ផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែក ផ្សេងមួយទៀត និង
៣.អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ ដោយឡែកផ្សេងៗគ្នា។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាក ទទួលបានពីវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណៈ បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគ មន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួន បានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វើការអប់រំ សុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធគារ ទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។
បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដាន ដោយយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យរបស់ មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារ កុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លង ពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ ៕