ផ្អាកអាជីវកម្មយានដ្ឋានកែច្នៃ និងជួសជុលរថយន្តគ្មានច្បាប់ ៧ទីតាំង ក្នុងខណ្ឌដូនពេញ

0

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយមន្ទីរ សាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន ៧ទីតាំង ដោយរកឃើញ ៦ទីតាំងគ្មានច្បាប់អនុញ្ញាត ត្រូវបានធ្វើការផ្អាកអាជីវកម្ម បណ្ដោះអាសន្ន និងណែនាំឲ្យស្នើសុំច្បាប់អនុញ្ញាត តាមសេចក្ដីណែនាំរបស់មន្ទីរ សាធារណៈការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ។

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ តំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌ សសហការជាមួយ លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ នឹងចុះពិនិត្យតាមទីតាំង យានដ្ឋានសរុបចំនួន ៤២ទីតាំង ទូទាំងខណ្ឌ។

យោងតាមរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងនោះកម្លាំងយើងបានចុះពិនិត្យ មានយានដ្ឋានកែច្នៃ និងជួសជុលរថយន្តចំនួន ៧ទីតាំង ដោយរកឃើញ ៦ទីតាំង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយត្រូវបានធ្វើការផ្អាក អាជីវកម្មបណ្ដោះអាសន្ន និងណែនាំឲ្យម្ចាស់អាជីវកម្ម ស្នើសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ និង ១ទីតាំងទៀត មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលទើបតែទើបប្ដូរមកពី ខណ្ឌទួលគោក តែមិនបានធ្វើការផ្អាក អាជីវកម្មឡើយ ដោយគ្រាន់តែណែនាំអោយ ទៅស្នើសុំប្ដូរអាសយដ្ឋាន ទីតាំងយានដ្ឋានឡើងវិញ ។

ជាវិធានការបន្ទាប់ រដ្ឋបាលខណ្ឌ នឹងបន្តអនុវត្តន៍ការចុះពិនិត្យ ណែនាំ និងមានវិធានការលើ យានដ្ឋានផ្សេងៗទៀតទាំង ៤២ទីតាំង ក្នុងមូលដ្ឋាន ៕