ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះត្រួតពិនិត្យនៅចំនុចបន្ទប់ជួល ស្ថិតនៅភូមិ ស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជនបរទេសចំនួន ២នាក់ មកសាកសួរពាក់ព័ន្ធនឹង ករណីស្នាក់នៅខុសច្បាប់។
យោងតាមអគ្គស្នងការ នគរបាលជាតិបានឲ្យដឹងថា ជនបរទេសទាំងពីរនាក់នេះមានឈ្មោះ៖
១-VOLODYMYR BEHAL ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិ អ៊ុយក្រែន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បម្រើការងារតាមប្រព័ន្ធអ៊ិនធើណិត ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តព្រះសីហនុ។នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស នឹងសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ចំនួន ១ឆ្នាំ ពីបទអំពើលួចនិងចូលមកព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតិ។
ក្រោយពីអនុវត្តទោសចប់ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីរកលិខិតឆ្លងដែន តែរកមិនឃើញ រហូតដល់ថ្ងៃទី១សីហា ឆ្នាំ ២០២០ ក៏ធ្វើដំណើរមកកាន់ ខេត្តសៀមរាបតែម្តង។
២-SERGY PODOSYN ភេទប្រុស កើតថ្ងៃទី២៧-១២-១៩៦២ ជនជាតិរុស្ស៊ី គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ តាមច្រកមិនចាំ ដោយធ្វើដំណើរពីប្រទេសថៃ មកស្នាក់នៅខេត្តព្រះសីហនុ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ក៏បានផ្លាស់មកស្នាក់នៅខេត្តសៀមរាប។
កាលពីខែកក្កដា ឆ្នាំ២០២០ បានប្រគល់លិខិតឆ្លងដែនឲ្យ ទៅបុរសជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ យកទៅបន្តសុពលភាពទិដ្ឋាការ ស្នាក់នៅប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់ទទួលបានលិខិតឆ្លងដែនវិញទេ ហើយក៏មិនអាចទំនាក់ទំនង ទៅបុរសនោះបានដែរ។
ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនជនបរទេសទាំង ២នាក់នេះ ទៅស្នាក់ការត្រៀមបណ្តេញចេញ ចាត់ការបន្តតាមនីតិវិធី ៕