ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងជួយរហូតដល់កម្ពុជា រំដោះគ្រាប់មីន ដល់ដំណាក់កាលចុងក្រោយ។ នេះបើយោងតាមអាជ្ញាធរមីនកម្ពុជា។

ក្នុងពិធីបង្សកូលជូនចំពោះអតីតអ្នកដោះមីន និងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២០ លោក ផាក ទ្រីដម៉ាហ្វី W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា «រដ្ឋាភិបាល សហរដ្ឋអាមេរិក នឹងបន្តជួយរហូតដល់កម្ពុជារំដោះ គ្រាប់មីនចុងក្រោយ នៅឆ្នាំ២០២៥ខាងមុខ»។

ក្នុងនាមសម្តេចតេជោ ដែលជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានមានប្រសាសន៍ថា ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។
លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាតូចនិងក្រីក្រមែន ប៉ុន្ដែកម្ពុជាមានបេះដូងធំទូលាយ ក្នុងការចូលរួមការងារមនុស្សធម៌ និងរក្សាសន្តិភាពនៅលេីពិភពលោក៕
