ភ្នំពេញ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុច ផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន ហៅកៅ រហ័សនាម ០៩ ជាអ្នកបើកបររថយន្តនិងឈ្មោះ ប្រាក់ សំបាន ដែលជាអ្នកបើកបរម៉ូតូ ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាម ភាគីអ្នកបើកបរម៉ូតូ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាល ស្រុកទឹកផុសចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី ។
សេចក្ដីរាយការណ៍នានា បានឲ្យដឹងផងដែរថា បុរសដែលសម្ញែងកាំភ្លើង AK និងគំរាមបុកអ្នកជិះម៉ូតូ សង្ស័យផ្តើមចេញពី ការទាស់ចិត្តរឿងបើកបរ លើដងវិថីនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនហើយកំពុងសួរនាំ ដើម្បីចាត់វិធានការតាមនីតិវិធី។
តាមរយៈវីដេអូថត ដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាត លើបណ្តាញសង្គមនោះ គេបានឃើញបុរស ភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរស ជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាម បុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះ ថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែង ដាក់ភាគីជម្លោះថែមទៀតផង ៕