ភ្ជង់ប្លន់ម៉ូតូស្រស់ៗ ដល់មុខផ្ទះនៅក្នុង ខណ្ឌដង្កោ រួចជិះម៉ូតូគេចខ្លួន បាត់ស្រមោល (Video)

0

ភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពយក កាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់យកម៉ូតូ និងលុយចំនួន ២៥០០ដុល្លារ ពីយុវជនម្នាក់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្បែររបង សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

ជនរងគ្រោះមាន ឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ នៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះអត់លេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1HZ-8790 តែម្នាក់ឯងចេញពីផ្សារប៉េសេ ដែលជាកន្លែងលក់ដូរ របស់គាត់ដូចសព្វដង ។ ខណៈរូបគាត់ ជិះម៉ូតូទៅដល់ខាងមុខផ្ទះ របស់ខ្លួនដែលជាចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ មានគ្នាចំនួន ២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកឈប់ជិតម៉ូតូរបស់គាត់ រួចជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក ២នាក់នេះ បានដើរមកជិតរូបគាត់ និងបាននិយាយទៅកាន់រូបគាត់ថា ”ពួកខ្ញុំសុំធ្វើការឆែកឆេរ បន្តិចបន្តួច ” ។

ភ្លាមៗនោះដែរ ជនសង្ស័យខាងលើ ក៏បានដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកមកអាម៉េ និងភ្ជង់ប្លន់យកម៉ូតូរបស់គាត់ រួមទាំង កាបូបស្ពាយ ដែលរូបគាត់ស្ពាយជាប់និងខ្លួន ។ ដោយសាររូបគាត់ភ័យខ្លាច ជនសង្ស័យបាញ់ ក៏ព្រមប្រគល់កាបូប និងម៉ូតូឲ្យទៅក្រុមជនសង្ស័យ ។ រួចក្រុមជនសង្ស័យ ក៏បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនចេញពី កន្លែងកើតហេតុបាត់ស្រមោលទៅ ដោយបន្សល់ទុកគ្រាប់កាំភ្លើងចំនួន ១គ្រាប់ជ្រុះនៅកន្លែងកើតហេតុ។

ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបស្ពាយ ដែលជនសង្ស័យប្លន់ យកទៅរួមជាមួយ និងម៉ូតូគឺមានទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿង ម៉ាក Iphone7+ ១គ្រឿង និងលុយចំនួន ២៥០០ដុល្លារ រួមទាំងសម្ភារមួយចំនួនទៀត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកប្រមូលវត្ថុតាង ដែលជនសង្ស័យបន្សល់ទុក និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បងាយស្រួលកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមស្វែងរកមុខ ជនសង្ស័យចាប់យក មកផ្តន្ទាទោសទៅតាមច្បាប់ ៕