ភ្នំពេញ៖ តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបង ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គីភ័យ លេបត្របាក់ ទាំងស្រុង កាលល្ងាចថ្ងៃទី៣០ ខែសីហា។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ដែលចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ ផ្សាធំបាត់ដំបង និងបានធ្វើការគ្រប់គ្រងសភាពការណ៍ ពន្លត់បានទាំងស្រុង។
សូមជម្រាបថា នៅល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំង អន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលកំពុងឆាបឆេះនៅ ផ្នែកមួយនៃអគារខាងលិច ផ្សារធំបាត់ដំបង (ហៅផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន ៣រូប កម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង និងលោកអភិបាល អភិបាលរងក្រុងផងដែរ។
លោក អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងបីប្រភេទ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានជួយអន្តរាគមន៍ បានទាន់ពេលវេលាដែលធ្វើឱ្យ ការខូចខាតមានតិចតូច និងនៅតែបន្តជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ នៅផ្សារណាត់ ក្រុងបាត់ដំបង ។
សូមជម្រាបជូនផងដែរថា ករណីឆាបឆេះផ្សារធំបាត់ដំបង (ហៅផ្សារណាត់) ដែលស្ថិតចំកណ្តាលក្រុងបាត់ដំបង នៅវេលាម៉ោងប្រមាណ ៥ និង ១០ នាទីល្ងាច និងធ្វើការគ្រប់គ្រងសភាពការណ៍ ពន្លត់បានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៨ យប់ នាទី ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យអស់ប្រមាណជាង ៣០ ដឹក ។ ហើយបណ្តាឱ្យខូចខាតឆេះ ផ្នែកមួយចំនួននៃអគារផ្សារ (អគារខាងលិច) ដោយសារឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង។
គូសបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៣០ សីហា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកងកម្លាំងទាំងបីរួមមាន កងកម្លាំងប្រតិបតិការសឹងរងខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវយាមប្រចាំ ២៤ម៉ោង លើ ២៤ ម៉ោង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់អាជីវករ ដែលមិនបានរើសចេញពីក្នុងផ្សារ និងការពារមិនឱ្យមានការលួចគាស់សម្ភារៈ ទិញផ្សេងៗនៅក្នុងតូបនានារបស់អាជីវករ ដើម្បីជៀសវៀងបាត់បង់ ដោយប្រការណាមួយ ដោយជនឆ្លៀតឱកាសផងដែរ ។
ក្រោយពីមានឧបហេតុករណី អគ្គិភ័យឆេះផ្សារធំបាត់ដំបងនេះរួចមក រដ្ឋបាលខេត្តបាត់ដំបងនឹងគ្រោងរៀបចំ កិច្ចប្រជុំបន្ទាន់មួយនៅព្រឹកស្អែក ដើម្បីសិក្សាអំពីអ្វីដែល យើងត្រូវបន្តនិរន្តរ៍ភាពដើម្បី កុំឱ្យមានហេតុការណ៍នេះ កើតឡើងបន្តទៅទៀត និងមានការចុះពិនិត្យសិក្សា វាយតម្លៃទំហំនៃការខូចខាត បណ្តាលមកពីឆេះដោយចរន្តអគ្គិសនី ហើយនឹងពិនិត្យលទ្ធភាព ដើម្បីធ្វើការជួសជុលនៅផ្នែកដែរឆេះខូច ដែលបណ្តាលមកពីកម្តៅភ្លើង លើតួផ្សារមួយចំនួន និងសិក្សាវាយតម្លៃ អំពីគុណភាពសំណង់ ថាតើអាចប្រើប្រាស់បាន ឬត្រូវជួសជុលឡើងវិញផងដែរ ៕