ភ្នំពេញ៖ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំត្រួតពិនិត្យ យានយន្តលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើសទម្ងន់ នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារ ឃាត់បានរថយន្តដឹក លើសទម្ងន់យក្សចំនួន ៧គ្រឿង ដែលរថយន្តនីមួយៗ មានទម្ងន់សរុបចាប់ពី ៧៧តោន ឡើងទៅ ដែលទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ។ រថយន្តទាំងនោះជាប្រភេទ រថយន្តសណ្តោងសឺម៉ីរម៉ក (V1) ដឹកគ្រាប់ពោតចេញ ពីព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោម តាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។
ក្រសួងសាធារណការ អំពាវនាវដល់បងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបង្កមហន្តរាយធ្ងន់ធ្ងរដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ៕