នាយកដ្ឋានប្រឆាំង​ បទល្មើសបច្ចេកវិទ្យា៖ ព័ត៌មាននៅក្នុងវិគីភីឌា មិនអាចថា ជាទិន្នន័យដែលសុក្រិត ១០០% ទេ

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ព័ត៌មាននៅក្នុងវិគីភីឌា ក៏មិនអាចថា ជាទិន្នន័យដែលសុក្រិត ១០០% ដែរដូច្នេះហើយបានជាសកលវិទ្យាល័យ នៅសហរដ្ឋអាមេរិកភាគច្រើន បានហាមសិស្សានុសិស្សរបស់គេ ដែលត្រូវធ្វើការស្រាវជ្រាវនោះ ចៀសវាងប្រើទិន្នន័យពីគេហទំព័រវីគីភីឌា ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ។

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា សម្រាប់អ្នកដែលត្រូវការស្វែងយល់ អំពីព័ត៌មានបន្ថែមទាក់ទង នឹងប្រធានបទណាមួយនោះ លោកអ្នកតែងតែរក នៅតាមគេហទំព័រផ្សេងៗ ដើម្បីទទួលបានព័ត៌មានបន្ថែមទាំងនោះ ហើយគេហទំព័រវិគីភីឌា ក៏ជាគេហទំព័រដ៏ពេញនិយមមួយ ដែលអ្នកប្រើប្រាស់ជុំវិញពិភពលោក បានប្រើ ដើម្បីទទួលបាន ព័ត៌មានបន្ថែមផងដែរ។

ប៉ុន្តែកាលពីដើមសប្តាហ៍នេះ អ្នកប្រើប្រាស់ម្នាក់បានរកឃើញថា វិគីភីឌាជាភាសា Scots ត្រូវបានសរសេរដោយពុំមាន ឃ្លាឃ្លោងច្បាស់លាស់ ខុសពាក្យ និងថែមទាំងខុសវេយ្យាករណ៍ទៀតផង។ ខណៈពេលនេះ គេបានដឹងអំពីបញ្ហាដែលនាំ ឱ្យមានកំហុសឆ្គងទាំងនោះ ហើយព្រោះថា អ្នកដែលបញ្ចូលទិន្នន័យគឺជាក្មេងអាយុ ១៩ឆ្នាំម្នាក់ រស់នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ហើយគាត់បានចាប់ផ្ដើម បញ្ចូលទិន្នន័យទាំងនោះ តាំងពីគាត់អាយុ ១២ឆ្នាំមកម្ល៉េះ ហើយគាត់ពុំចេះភាសា Scots ហើយគាត់គ្រាន់តែប្រើកុំព្យូទ័រ ដើម្បីបកប្រែពីភាសាអង់គ្លេសទៅភាសា Scots តែប៉ុណ្ណោះ។ បើតាមការវិភាគ របស់អ្នកជំនាញគិតថា អ្វីដែលធ្វើឱ្យមិនមានការ ចាប់អារម្មណ៍ទៅលើកំហុសឆ្គង ក្នុងគេហទំព័រជាភាសា Scots យ៉ាងយូរនោះគឺដោយសារតែភាសានេះ នៅមានការប្រើប្រាស់តិចតួចបំផុត។

នេះជាការក្រើនរំឭកដ៏ល្អមួយ ដែលអ្នកប្រើប្រាស់គួរតែ មានការប្រុងប្រយ័ត្នព្រោះថា ព័ត៌មានទាំងអស់នៅក្នុងគេហទំព័រ គឺមិនមែនសុទ្ធតែជាព័ត៌មានត្រឹមត្រូវទេ ហើយព័ត៌មាននៅក្នុងវិគីភីឌា ក៏មិនអាចថាជាទិន្នន័យដែលសុក្រិត ១០០%ដែរ។ ដូច្នេះហើយ បានជាសកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក ភាគច្រើនបានហាម សិស្សានុសិស្សរបស់គេ ដែលត្រូវធ្វើការស្រាវជ្រាវនោះ ចៀសវាងប្រើទិន្នន័យ ពីគេហទំព័រវីគីភីឌា ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ ៕