លោក សុខ ទូច៖ ចៅហ្វាយខេត្តត្រូវធ្វើឲ្យ ភ្ញៀវទេសចរមានជំនឿ បើធ្វើមិនបាន ទុកឲ្យខ្ញុំទៅធ្វើតម្តង (Video)

0

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ចៅហ្វាយខេត្ត ត្រូវធ្វើឲ្យភ្ញៀវទេសចរ មានជំនឿទុកចិត្ត លើខេត្តរបស់ខ្លួន ហើយបើសិនជាធ្វើមិនបានទេ គួរតែដកចេញ ហើយទុកឲ្យលោកទៅធ្វើចៅហ្វាយខេត្ត ឲ្យមើលម្ដង ។

ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី តើកម្ពុជាត្រៀមខ្លូនយ៉ាងដូចម្ដេច សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក កាលពីថ្ងៃទី២៨ សីហា លោក សុខ ទូច បានមានប្រសាសន៍ថា បើចង់ឲ្យចៅហ្វាយខេត្តធ្វើឲ្យ ភ្ញៀវទេសចរមានទំនុកចិត្ត តម្លៃម្ហូបអាហារនៅខេត្តទាំងនោះ ជារឿងសំខាន់ ដែលត្រូវគ្រប់គ្រងឱ្យច្បាស់លាស់ ហើយអ្នកលក់អាហារសមុទ្រនោះ ក៏មិនត្រូវគេងចំណេញពីភ្ញៀវ តាមរយៈការលួចទម្ងន់ផងដែរ ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា «ដាក់តម្លៃ ក្ដាមតម្លៃប៉ុន្មាន គីឡូដូចគ្នា កុំឲ្យ ១គីឡូ បានតែ ៧ខាំ ដកចេញឈប់ឲ្យលក់ ត្រូវធ្វើឲ្យគេ (ភ្ញៀវទេសចរ) មានជំនឿ កុំបោកគេ ធ្វើមិនកើតដកចេញ ខ្វះឬចៅហ្វាយខេត្ត? ពិបាកឲ្យខ្ញុំទៅធ្វើចៅហ្វាយខេត្តម្តងមើល? ខ្ញុំធ្វើឲ្យមើល»។

លោកបន្ថែមថា នាពេលកន្លងមកលោកសង្កេតឃើញថា មូលដ្ឋានមួយចំនួន មិនបានអនុវត្តត្រឹមត្រូវ តាមបញ្ជានាយករដ្ឋមន្រ្តីឡើយ ហើយចៅហ្វាយខេត្តខ្លះ ប្រៀបដូចជាស្តេចត្រាញ់ដូច្នោះដែរ មិនចេះសហការគ្នាឡើយ។ លោកថា ចៅហ្វាយខេត្តត្រូវចេះធ្វើការសហការគ្នា ដើម្បីពង្រីកផលប្រយោជន៍ជាតិ រុញច្រានប្រទេសកម្ពុជាឱ្យឆ្ពោះទៅមុខ ។

លោកគូសបញ្ជាក់ថា ដើម្បីឱ្យភ្ញៀវទេសចរ មកទស្សនានៅកម្ពុជា មានស្នាមញញឹម ទាំងពេលមក និងពេលវិលត្រឡប់ទៅវិញ ហើយក្លាយទៅជា ភ្នាក់ងារទេសចររបស់យើងនោះ គឺត្រូវមាន៖

១.ចំណីអាហារត្រូវប្រកប ដោយគុណភាព ដោយជាតិគីមីមាន ក្នុងកម្រិតទាបបំផុត
២.ត្រូវមានផលិតផលក្នុងស្រុក មានលក្ខណៈពិសេស ដើម្បីឱ្យគេយួរចេញទៅវិញ
៣.ភ្នាក់ងារទេសចរត្រូវតែ យល់ច្បាស់ពីវប្បធម៌ ប្រពៃណីរបស់ខ្លួន បានយ៉ាងច្បាស់លាស់ និងចេះភាសារបស់ជនជាតិ ដែលខ្លួនដឹកនាំនោះ ហើយក៏ត្រូវមានសីលធម៌ នៃវជ្ជាជីវៈផងដែរ។
៤.ត្រូវមានផែនទីបង្ហាញផ្លូវ គ្រប់តំបន់ឱ្យបានច្រើនភាសា
៥.បណ្តុះបណ្ដាលជំនាញដល់បុគ្គលិក កម្មករ ទៅតាមឯកទេសរៀងៗខ្លួន ដើម្បីឱ្យមានអនាម័យកម្រិតខ្ពស់
៦.នៅតាមច្រកទ្វារអន្តរជាតិ ត្រូវសម្រួលដល់ភ្ញៀវទេសចរ ដែលមកដល់
៧.បើភ្ញៀវទេសចរវង្វេងផ្លូវ ប្រជាជនកម្ពុជាយើង ត្រូវចង្អុលបង្ហាញផ្លូវ ទោះបីគ្មានពេលក៏ដោយ ត្រូវចំណាយពេលជូន ផ្លូវដល់ភ្ញៀវទេសចរ។
៨.ទីក្រុងស្អាត រស់នៅស្អាត ៕