បុគ្គលិកគ្រប់គ្រងផេក របស់ក្រុមហ៊ុនលក់គ្រឿងសម្អាងមួយ ប្រើល្បិចលួចដកប្រាក់ ត្រូវបានចាប់ខ្លួន

0

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំង និងកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបាននាំខ្លួនជនសង្ស័យឈ្មោះ យ៉ូង វុទ្ធី ហៅ សេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ នៅចំណុច ផ្លូវលេខ៤៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចថា ជនសង្ស័យគឺជាបុគ្គលិកគ្រប់គ្រងផេក របស់ក្រុមហ៊ុនលក់គ្រឿងសម្អាងមួយ ពាក់ព័ន្ធនឹងករណីលួចដកប្រាក់ ដោយយកលេខកូដដកប្រាក់ ពេលដែលអតិថិជនកម្មង់គ្រឿងសម្អាង ផ្ញើលេខចូលមក Page Messenger របស់ក្រុមហ៊ុន រួចជនសង្ស័យបានលួចយកលេខកូដនោះ ទៅដកប្រាក់តាមបណ្តា ភ្នាក់ងារផ្ញើនិងដកប្រាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់ បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ទេរប្រាក់ទៅឱ្យសាច់ញាតិ មិត្តភក្ដិ ឬដៃគូរកស៊ីជាដើម ៕