ភ្នំពេញ៖ ពលករខ្មែរ ម៉ាន សូទី អាយុ២២ឆ្នាំ ដែលបានមកធ្វើការខុសច្បាប់ ជាជាងដេរខោអាវ នៅរដ្ឋ Johor បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដោយបានជិះម៉ូតូទៅបុករនាំងចិញ្ចើមផ្លូវ បណ្តាលឱ្យបែកក្បាលធ្ងន់ធ្ងរ បាក់ឆ្អឹងខ្នង និងឆ្អឹងទ្រូង (ប៉ះពាល់សួតធ្ងន់ធ្ងរ) ត្រូវការវះកាត់ជាបន្ទាន់ ហើយបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ Pakar Sultanah Fatimah នៃរដ្ឋ Johor។
យោងតាមទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា មន្ទីរពេទ្យបានតម្រូវឱ្យបង់ ប្រាក់កក់ជាមុនសិនចំនួន ១០០០០ រីងហ្គីត (ប្រមាណ២៥០០ ដុល្លារអាមេរិក) ហើយគ្រូពេទ្យនឹងតាមដាន សុខភាពរបស់អ្នកជម្ងឺរហូតដល់សួត របស់គាត់ដំណើរការល្អឡើងវិញ ទើបកំណត់ថ្ងៃវះកាត់។ ដោយមានជីវភាពក្រីក្រខ្លាំង ភរិយារបស់ពលករ ឈ្មោះ កុំរី អាំម៉ី បានស្នើ សុំស្ថានទូតអន្តរាគម ក្នុងការជួយបង់ថ្លៃវះកាត់ និងព្យាបាល។
មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងតំណាងអង្គការ Elshaddai Center បានចុះសួរសុខទុក្ខពលកររងគ្រោះ នៅ មន្ទីរពេទ្យ ហើយស្ថានទូតបានធ្វើកំណត់ទូត ទៅមន្ទីរពេទ្យស្នើសុំបន្ធូរបន្ថយថ្លៃវះកាត់ និងការព្យាបាល។
ស្ថានទូត បានឧបត្ថម្ភថវិកាខ្លះជូនភរិយា របស់ពលកររងគ្រោះផងដែរ។ បន្ទាប់ពីបានពិភាក្សាជាមួយ ស្ថានទូត និងគ្រូពេទ្យ អង្គការ Elshaddai Center បានសន្យាពិនិត្យលទ្ធភាព ក្នុងការជួយឧបត្ថម្ភថ្លៃវះកាត់ ព្យាបាលដល់ពលករខាងលើ ៕