ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ បានលើកឡើងនៅក្នុងពិធី សម្ពោធការបញ្ចប់គ្រោង អគារអន្តរជាតិចុងហ្វាង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះថា ជុំវិញនិងការបង្កើតអគារអន្តរជាតិ ចុងហ្វាងនេះឡើង រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ មានសេចក្តីពេញចិត្ត និងចូលរួមអបអរសាទរ ចំពោះគម្រោងដ៏ធំមហិមា នឹងខ្ពស់ជាងគេនៅទីនេះ ក៏ដូចជាគម្រោងទល់មុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដែលគម្រោងទាំងនេះ សុទ្ធតែជាគម្រោងមានការ ទទួលគាំទ្រដ៏ខ្លាំងខ្លា ពីថ្នាក់ដឹកនាំនៃសាធារណៈប្រជាមាននិតចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ។
លោកទេសរដ្ឋមន្ត្រីបន្តថា អគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេនេះ ក្រោយពីការសាងសង់រួច អគារ មួយ នេះនឹងអាចទាក់ទាញអតិថិជន ជាច្រើនចូលមកទស្សនា និងទំនាក់ទំនងអាជីវកម្ម ព្រោះជាអគារពហុបំណង មានជាច្រើនវិស័យដូចជា៖ ធនា គារ ពាណិជ្ជកម្មចិន, មានមជ្ឃមណ្ឌលបណ្តុះបណ្តាល សហគ្រាសធុនតូច និងមធ្យម, ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា, មជ្ឈមណ្ឌលទេសចរណ៍, ពាណិជ្ជកម្ម, និងជាអគារហិរញ្ញវត្ថុសម្រាប់ តំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ ជាពិសេសមានភោជនីយដ្ឋាននៅជាន់ខ្ពស់ ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្ត លំហែរកាយរបស់អតិថិជន ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់នេះ លោកឧកញ៉ា ជា សុខហេង និងលោក Xie Xudongតំណាងក្រុមហ៊ុន ចុងហ្វាង អិនធ័រណេសិនណល នៅកម្ពុជា បានលើកឡើងថា កម្ពុជានិងចិន គឺជាមហាមិត្តដែកថែបបច្ចុប្បន្ន ប្រទេសទាំងពីរបានរឹងចំណងយ៉ាងស្អិតរមួត ទាំងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជាក់ស្តែងអគារដ៏ធំស្កឹមស្កៃមួយនេះ បានកំពុងកើតឡើងនៅ ចំកណ្តាលទីក្រុងភ្នំពេញ ដោយសាងសង់ឡើងក្នុងកម្ពស់ ១៨០ ម៉ែត្រ មានចំនួន ៦០ ជាន់ ហើយគម្រោងនេះសាងសង់ចប់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ ២០២០ ខាងមុខ ។
ដោយឡែកលោកឧកញ៉ា ជា សុខហេង បានបញ្ជាក់ឲ្យដឹងផងដែរថា ទោះបីមានរោគឆ្លងកូវីដ-១៩ កើតមានឡើងក្នុងឆ្នាំ២០២០ នេះក៏ដោយ ក៏ដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន នៅតែបន្តជានិច្ច ហើយទៅថ្ងៃមុខ គម្រោងអគារខ្ពស់ៗនឹង កើតឡើងជាបន្តបន្ទាប់ទៀត ។
អគារអន្តរជាតិចុងហ្វាងនេះ គឺជាគម្រោងទី១, ចំណែកគម្រោងទី២ នឹងចាប់ផ្តើមសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ នៅទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយគ្រោងសាងស់សរុបផ្ទៃក្រឡា រង្វង់១ លានម៉ែត្រការេ, ចំណែកគម្រោងទី៣ គ្រោងចាប់សាងសង់នៅខេត្តកោះកុង និងគម្រោងទី៤ គ្រោងសាងសង់នៅកែបថ្មី ឬឆ្នេរថ្មី នៅក្នុងទឹកដីខេត្តកំពត និងនៅមានគម្រោងជាច្រើន ដែលគ្រោងនឹងចាប់ អភិវឌ្ឍន៍ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា ក្នុងស្មារតីចូលរួម កិច្ចការពារការឆ្លងមេរោគកូវីដ-១៩ អង្គពិធីបានរៀបចំបន្តផ្ទាល់តាមរយៈ Video Conference ដោយមានការថ្លែងសន្ទរកថា និងចូលរួមពីភ្ញៀវសំខាន់ៗនៃភាគីចិន ពីទីក្រុងប៉េកាំងមក ៕