ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយ ករណីឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដែលមាន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិជាប្រធាន។
គួររំលឹកផងដែរថា នៅចំណុចកប៉ាល់លិចខាងលើ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន៣ ប្រភេទ មានដូចជាគ្រាប់AK57 ចំនួន ៣ គីឡូ -គ្រាប់ ៦០ មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១ គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយពេលនោះសមត្ថកិច្ច បានមុជទឹក ជម្រៅ ១៩ ម៉ែត្រ ហើយបានប្រទះឃើញ ទ្រង់ទ្រាយជា ម៉ារីន មួយគ្រឿងផងដែរ។
យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការងារនេះដឹកនាំ ដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិជាប្រធាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតនិងគ្រាប់មិនទាន់ផ្ទុះ ជាអនុប្រធានអមដោយសមាជិក មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។
សេចក្តីសម្រេចដដែល បានឱ្យដឹងបន្ថែមថា៖
-ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាលអំពីប្រវត្តិនៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់ នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវាសម្រាប់ ជាមូលដ្ឋានកំណត់គោលដៅបោះពោង ឬដាក់ផ្លាកសញ្ញាចំណាំ ជាតំបន់មានហានិភ័យដែលត្រូវ ហាមឃាត់ការចេញចូលតំបន់នោះ។
-សម្របសម្រួលស្នើសុំ កងកម្លាំងកងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារ នៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ ចូលទៅក្នុងតំបន់នោះ។
– ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យដែល ត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារការកើត មានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
– សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់ យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីក្នុងនាវាដែលបានលិច។
-បំពេញការងារផ្សេងៗទៀត តាមការចាំបាច់។
បន្ថែមពីនេះ ក្នុងប្រតិបត្តិការងាររបស់ខ្លួន ក្រុមការងារត្រូវធ្វើសេចក្តីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំ ជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕