ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងបន្តអនុវត្តវិធានការការពារនានា ដែលក្រសួងសុខាភិបាល បានណែនាំបើទោះការបង្កើត វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន ជាបន្តបន្ទាប់នៅតាម បណ្តាប្រទេសមួយចំនួន។
សម្ដេចពិជ័យសេនា ទៀ បាញ់បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី២៩ សីហា នេះថា “បើទោះជាដំណើរការនៃ ការបង្កើតវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន ជាបន្តបន្ទាប់នៅតាម បណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការការពារនានា ដែលក្រសួងសុខាភិបាលបានណែនាំ”។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៨នាក់ ៕