ភ្នំពេញ៖ មន្ត្រីស្ថានទូតខ្មែរប្រចាំ សាធារណរដ្ឋកូរ៉េបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ និងសហការីបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ជូនប្រតិភូក្រុមហ៊ុន People &Person ដឹកនាំដោយលោក Lee Jinho ប្រធានក្រុមហ៊ុន ដែលបាននិងកំពុងមមាញឹក ផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្រ របស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវ ផលិតបរិក្ខារពេទ្យថ្មីៗបន្ថែមទៀត ដើម្បីជាការប្រកួតប្រជែងជាមួយ នឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប។ នេះបើយោងតាមAKP។
មន្ត្រីដដែលបានបន្តថា ការអូសទាញវិនិយោគិន មកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនគ្រាន់តែជាឱកាសក្នុងការ ផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រជាជននៃប្រទេសយើងផងដែរ។
មន្ត្រីស្ថានទូតខ្មែរបានបញ្ជាក់ថា ក្រុមហ៊ុនក៏នឹងត្រៀមចេញទៅប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឲ្យ ស្ថាប័នជាតិពាក់ព័ន្ធផ្ដល់ នូវកិច្ចសហការផ្សេងៗ ៕