ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ផលិតការចែកចាយផលិតផល គ្មានការអនុញ្ញាត និងក្រុមទុច្ចរិតទាំងអស់នោះ ជូនដល់គណៈកម្មាធិការ ដើម្បីចាត់វិធានការត្រូវច្បាប់ផ្លូវ។
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ប.ផ.ក ចេញផ្សាយនាពេលថ្មីៗនេះ បានពិនិត្យឃើញថា មានផលិតផលក្លែងក្លាយ ខុសច្បាប់ ខូចគុណភាព ហួសសុពលភាពប្រើប្រាស់ បន្លំគុណភាព បន្លំការវេចខ្ចប់ ឬស្តុកទុកមិនត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស ទាំងផលិតផលក្នុងស្រុក និងនាំចូល រួមទាំងផលិតផលកែច្នៃ ដោយគ្មានការ អនុញ្ញាតពីក្រសួងស្ថាប័នមានសមត្ថកិច្ច ហើយបានកំពុងបន្លំលក់ និងចរាចរនៅលើទីផ្សារ ជាមួយផលិតផលពិត មានច្បាប់អនុញ្ញាតត្រឹមត្រូវ បណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដែលជា ហានិភ័យសម្រាប់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ។
គ.ប.ផ.ក បន្ដថា ជាមួយគ្នានេះដែរ នាពេលថ្មីៗមានក្រុមទុច្ចរិតបានបន្លំ និងតាំងខ្លួនជាសមត្ថកិច្ចមកពី គណៈកម្មាធិការ គ.ប.ផ.ក ក្នុងន័យបង្កាច់បង្អួចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព ក្រោមរូបភាពគំរាម និងជំរិតរកលាភសក្ការៈពីម្ចាស់អាជីវកម្មនានា ជាហេតុនាំឱ្យមានការយល់ច្រឡំ ដល់មតិសាធារណជន និងក្រសួងស្ថាប័ននានា ដែលកំពុងអនុវត្តតាមបទបញ្ញត្តិ នៃច្បាប់ជាធរមាន។
សូមបញ្ជាក់ថា «ការចុះបំពេញការងាររបស់ សមត្ថកិច្ចមកពីគណៈកម្មាធិការ គ.ប.ផ.ក ត្រូវមានលិខិតបង្គាប់ការចេញដោយ ប្រធានគណៈកម្មាធិការ និងការសហការពីស្ថាប័នពាក់ព័ន្ធ បង្កើតជាក្រុមការងារ ដោយមិនមានការចុះជាបុគ្គលនោះទេ»។
គ.ប.ផ.ក បានអំពាវនាវដល់សាធារណជន ទាំងអស់ចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ផលិតការចែកចាយ ផលិតផលគ្មានការអនុញ្ញាត និងក្រុមទុច្ចរិតទាំងអស់នោះ ជូនដល់គណៈកម្មាធិការ នៅរៀងរាល់ម៉ោងធ្វើការតាមរយៈ អាសយដ្ឋាននៅ លេខាធិការដ្ឋាន នៃ គ.ប.ផ.ក អគារ H ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ ឬ លេខទូរស័ព្ទបន្ទាន់ +៨៥៥ ៨៥ ៩៧១៩៧១ និងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook Page) «គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ-Counter Counterfeit Committee» ដើម្បីចុះពិនិត្យ ស្រាវជ្រាវ តាមដានស៊ើបអង្កេត និងឈានដល់ការចុះអនុវត្តនីតិវិធី នៃច្បាប់ដោយសហការ ជាមួយសមត្ថកិច្ច នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕