ក្នុងបរិបទកូវីដ១៩ អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព (Video)

0

ភ្នំពេញ៖ ដោយសារពិភពលោកទាំងមូល កំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្ស ត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែល ដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹង គុណភាពជាងមុន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។

ជុំវិញបរិបទនេះ គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងនូវដំណោះស្រាយថ្មីៗជាច្រើន ពីក្នុងប្រជុំគណៈកម្មាធិការ អ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២ ឆ្នាំ២០២០ ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

នៅក្នុងកិច្ចប្រជុំនេះ គេបានលើកឡើងនូវចំណុចសំខាន់ជាច្រើន ក្នុងនោះក៏មានការជំរុញឱ្យការ បណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍ ត្រូវអនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ។ មួយវិញទៀត រាល់ស្ដង់ដាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍នានា ត្រូវតែបញ្ចូលចំណេះដឹងអំពី វិធានសុវត្ថិភាពទេសចរណ៍ ដែលជាកាតព្វកិច្ចចាំបាច់ សម្រាប់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ចាប់ពីបរិបទនៃការរីករាលដាល ជំងឺកូវីដនេះតទៅមុខ។

ពាក់ព័ន្ធនឹងស្ដង់ដាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ នេះទៀតសោតលោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ បានថ្លែងថា ចាប់តាំងពីប្រទេសជាសមាជិកអាស៊ាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលស្គាល់អ្នកជំនាញ ទេសចរណ៍ពីគ្នាទៅវិញទៅមក (MRA) នៅឆ្នាំ២០០៩ រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកបានអនុវត្តការ បណ្ដុះបណ្ដាលនៅតាមសាលា និងសាកលវិទ្យាល័យវិជ្ជាជីវៈ មួយចំនួននូវជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៣២មុខជំនាញ ដែលស្ថិតនៅក្នុងផ្នែកសណ្ឋាគារ និងផ្នែកសេវាកម្មធ្វើដំណើរ។

សម្រាប់កម្ពុជាក៏បានដាក់ចុះ នូវកម្មវិធីទាំងអស់នេះ នៅតាមសាលាមួយចំនួនធំ នៅក្នុងប្រទេសរបស់ខ្លួនរួចមកហើយ។ ប្រទេសសមាជិកអាស៊ានដទៃទៀត បានគាំទ្រនិងចាត់ទុកកម្ពុជាថា បាននាំមុខគេក្នុងការ អនុវត្តកិច្ចព្រមព្រៀម MRA នេះ ហើយពួកគេក៏បានស្នើឱ្យកម្ពុជា រៀបចំស្ដង់ដាបណ្ដុះបណ្ដាល ជំនាញម៉ាស្សា។ ចំពោះស្ដង់ដានេះ កម្ពុជាបានរៀបចំ និងបានអនុវត្តការបណ្ដុះបណ្ដាល ជោគជ័យជាបន្តបន្ទាប់មកហើយ ហើយក្រសួងទេសចរណ៍ បានបំលែងពីស្ដង់ដាជាតិ ទៅជាស្ដង់ដាអាស៊ានរួចហើយដែរ។

លោកថា អ្នកបម្រើការក្នុងផ្នែកម៉ាស្សាទាំងអស់ មុនចេញធ្វើការពេញសិទ្ធិ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល ពីគ្រូបង្គោលអាស៊ាន ដែលមានការទទួលស្គាល់ត្រឹមត្រូវ ផ្អែកលើគុណវឌ្ឍិ និងគុណភាពអាស៊ាន។ អ្នកដែលទទួលការបណ្ដុះបណ្ដាល ជំនាញនីមួយៗពីគ្រូបង្គោល អាស៊ានរួចហើយ ពួកគេចង់ទៅធ្វើការនៅ ប្រទេសណាក៏បាន ឱ្យតែស្ថិតក្នុងតំបន់អាស៊ាន តែក៏ត្រូវស្របទៅតាមច្បាប់ ការងារនៃប្រទេសទទួល និងប្រទេសបញ្ជូនផងដែរ ពោលគឺស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងការងារនៃប្រទេសនីមួយៗ។

នៅឆ្នាំ២០២១ ខាងមុខ អាស៊ានក៏បានដាក់ចុះស្ដង់ដា MICE ចំនួន ៣២មុនជំនាញថ្មីទៀត ដែលពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំធំៗ ព្រឹត្តិការណ៍តាំងពិព័រណ៍ជាដើម។ ដូច្នេះស្ដង់ដាបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌ MRA នឹងឡើងដល់ចំនួន ៧២មុខជំនាញ ដោយបូកទាំងស្ដង់ដា ក្នុងផ្នែកសណ្ឋាគារ និងផ្នែកសេវាកម្មធ្វើដំណើរចំនួន ៣២មុខជំនាញ ស្ដង់ដាម៉ាស្សាចំនួន ៦មុខជំនាញ និងស្ដង់ដា MICE ចំនួន ៣២មុខជំនាញថ្មីទៀត។

នាឱកាសកិច្ចប្រជុំនោះលោករដ្ឋមន្ត្រី ថោង ខុន បានផ្តោតលើការណែនាំយ៉ាងដូច្នេះថា គ្រប់ការរៀបចំស្ដង់ដាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងចាស់ និងថ្មីសរុបចំនួន ៧០មុខជំនាញនេះ ត្រូវតែដាក់បញ្ចូលនូវស្ដង់ដា អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ានអនុវត្តការងារ ឱ្យស្របទៅនឹងបរិបទថ្មីៗ ដែលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ និងសម្រាប់សភាពការណ៍ ប្រែប្រួលនៅថ្ងៃមុខទៀត។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា សម្រាប់ការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ ក្នុងបរិបទជំងឺកូវីដ គឺត្រូវជំរុញការបណ្ដុះបណ្ដាល តាមប្រព័ន្ធឌីជីថល ឬអនឡាញឱ្យបានផុសផុល ពីព្រោះប្រជាជននៅលើ ពិភពលោកនាបរិបទថ្មីនេះ ចង់ឬមិនចង់ ពួកគេត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅបែបថ្មី (New Normal Life) ហើយការប្រាស្រ័យទាក់ទងមួយចំនួន ដែលធ្លាប់អនុវត្តផ្ទាល់ពីមុននោះ ក៏ត្រូវប្ដូរមកអនុវត្តពីចម្ងាយតាមរយៈ ប្រព័ន្ធអនឡាញនេះជាចាំបាច់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «យើងត្រូវតែជំរុញឱ្យអ្នកជំនាញ ទេសចរណ៍របស់យើង គិតថាការធ្វើការ ឬការរៀនសូត្រតាមប្រព័ន្ធអនឡាញ គឺជាទម្លាប់ធម្មតាៗ ដែលអ្នកណាៗក៏ត្រូវចេះប្រើប្រាស់វាដែរ។ ធ្វើបែបនេះគឺដើម្បីរុញចំណេះដឹង ផ្នែកអនឡាញនេះឱ្យជ្រាបដល់គ្រប់ ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់កម្ពុជា ហើយដល់ពេលនោះយើង នឹងសម្រេចបានធនធានមនុស្សដែល ប្រកបដោយគុណភាពពិតប្រាក» ៕