ភ្នំពេញ៖ យុវជនម្នាក់ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួន ក្រោយយកកាំបិតចាក់សម្លាប់ មិត្តភក្ដិខ្លួនឯង នៅស្រុកស្អាង ខេត្តកណ្ដាល រួចរត់គេចខទៅសំងំលាក់ខ្លួន នៅខេត្តពោធិសាត់ ។
កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតបំបែកសំណុំរឿង ចាប់ខ្លួនជនសង្ស័យជាឃាតក ខណៈដែលជនសង្ស័យជាឃាតក ព្យាយាមទៅលាក់ខ្លួនសំងំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ក្រោយធ្វើសកម្មភាពយក កាំបិតចាក់សម្លាប់មិត្តភក្តិខ្លួនឯង រហូតដល់ស្លាប់ កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យមានឈ្មោះ គក សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកយុវជនរងគ្រោះឈ្មោះ លី ពិសី ហៅ ពីពីភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
សូមរំលឹកថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ យុវជនរងគ្រោះ និងយុវជនសង្ស័យបាននាំគ្នាផឹកស៊ី ហើយពុំដឹងជាមានរឿងអ្វី បានកើតជាទំនាស់ទាស់ពាក្យសម្តីគ្នា រហូតធ្វើឲ្យយុវជនសង្ស័យបាន យកកាំបិតចុងស្រួចមកចាក់ លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ រួចយុវជនសង្ស័យ បានគេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង យុវជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលយុវជនរងគ្រោះ ដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាលកំណត់មុខសញ្ញាច្បាស់ថា ជនសង្ស័យកំពុងលាក់ខ្លួន ក្នុងខេត្តពោធិសាត់ ហើយក៏ធ្វើការសហការជាមួយ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ,នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បើកប្រតិបត្តិការរហូតចាប់ខ្លួនបាន នៅវេលាម៉ោង ១៦និង១០នាទី នៅចំណុចភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ៕