ភ្នំពេញ៖ នៅម៉ោង ៧យប់ ថ្ងៃទី២៧ សីហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងវិភាគរឿងវៀតណាម បន្តសាងសង់រោងរឹងមាំ នៅតាមបណ្ដោយព្រំដែន មិនទាន់ឯកភាពគ្នា ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «នៅម៉ោង ៧យប់នេះ ខ្ញុំ នឹងវិភាគរឿងវៀតណាមបន្ត សាងសង់រោងរឹងមាំ នៅតាមព្រំដែនត្រង់ចំណុច មិនទាន់មានការឯកភាពគ្នាដាច់ស្រេច ជូនបងប្អូនជនរួម
ជាតិស្តាប់ ដើម្បីស្វែករកដំណោះស្រាយជូនជាតិ» ។
យោងតាមលិខិតរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលផ្ញើជូន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ទាហានវៀតណាម ពិតជាបានសាងសង់តង់ថ្មី ដែលមានលក្ខណៈជាជម្រករឹងមាំពិតមែន នៅចំណុចទីតាំងតង់ចាស់ ដែលបានរុះរើកន្លងមក ហើយការសាងសង់នេះ ក៏ត្រូវបាននាយប៉ុស្ដិ៍នគរបាលក្អមសំណ ស្នើទៅភាគីទាហានវៀតណាម ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ តែត្រូវបានបដិសេធដោយ ទាហានវៀតណាមថា កិច្ចការនេះជាបញ្ជា ពីថ្នាក់លើរបស់គេ។
ក្នុងលិខិតបន្ថែមថា «នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលការពារ ព្រំដែនក្អមសំណចំនួន ៨នាក់ បានសហការជាមួយ កម្លាំងយោធាការពារព្រំដែនកង៦០១ ចំនួន៧នាក់ និងលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យនៅចំណុច ទីតាំងតង់ចាស់របស់យោធា ការពារព្រំដែនវៀតណាមប៉ុស្តិ៍ ៩២៥វិញសឿង នៅនិយាមកា 514575-1206948 ភូមិភូវី ឃុំភូឡូក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បានជួបភាគីវៀតណាម កំពុងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសីដោយឃ្លាត ពីខ្សែបន្ទាត់ព្រំដែនដែលយើង គ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ ១២០ម៉ែត្រ»។
លិខិតដដែលគូសបញ្ជាក់ថា «ទន្ទឹមនោះកម្លាំងទាំង ៣អង្គភាពខាងលើ បានជួបជាមួយប្រធានប៉ុស្តិ៍ ៩២៥វិញសឿង ដើម្បីទាមទារឲ្យភាគីវៀតណាម បញ្ឈប់សកម្មភាពសាងសង់តង់ថ្មីខាងលើនេះ។ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោង សាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ចំនួន៤គោលដៅលើ គោលដៅចាស់ដែលមានស្រាប់។ លុះនៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ លោកអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានចុះត្រួតពិនិត្យ នៅទីតាំងខាងលើនេះម្ដងទៀត និងបានសំណូមពរឲ្យ ភាគីវៀតណាមបញ្ឈប់ ការសាងសង់ជាបន្ទាន់។ ប៉ុន្តែភាគីវៀតណាមមិនព្រម ឯកភាពបញ្ឈប់ការ សាងសង់នោះឡើយ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ក៏ធ្លាប់បានថ្លែងថា វៀតណាមបានបោះតង់ និងដាក់កម្លាំងយោធាចំនួន ៣១កន្លែង នៅ ស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំ បូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន និងបានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ៕