ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ គង់ មនោ ត្រូវបានតែតាំងជា ស្នងការនគរបាលខេត្តកោះកុង ជំនួសឧត្តមសេនីយ៍ទោ សំ ឃឹតវៀន ។
នៅថ្ងៃទី២៧ សីហានេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ នេត សាវឿន បានលើកឡើងថា ស្នងការដែលទើបប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ត្រូវអនុវត្តន៍ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ជូននិងអនុវត្តន៍ ទៅតាមការប្តេជ្ញាចិត្តរបស់ខ្លូន ឲ្យមានតម្លាភាព និងគោរពច្បាប់មិនត្រូវយកច្បាប់ មកលេងសើចនោះទេ ហើយត្រូវអនុវត្តន៍តួនាទីរបស់ខ្លួន មិនត្រូវយកបុណ្យស័ក្កិ និងអំណាចមកអួតអាងនោះឡើយ ។
នាយឧត្តមសន្តិបណ្ឌិត សង្កត់ធ្ងន់ថា លោកមានការសោកស្តាយណាស់ ដែលមន្ត្រីនគរបាលជាតិចំនួន ៧នាក់ នៅខេត្តកំពង់ស្ពឺ មានអំណាចអួតអាង យកកាំងបាញ់លេងដែល ជាទង្វើខុសច្បាប់ដែលធ្វើឲ្យ មានការរិៈគន់ពីមហាជន នាំឲ្យខូចឈ្មោះអង្គភាព ដើម្បីកុំឲ្យខូចឈ្មោះដល់ អង្គភាពនគរបាលជាតិ លោកបានសម្រេចិត្ត និងសហការជាមួយស្នងការខេត្តកំពង់ស្ពឺបញ្ជូនអ្នកទាំង ៧នាក់ ទៅតុលាការដើម្បីវិនិច្ឆ័យ ទៅតាមផ្លូវច្បាប់ ។
អគ្គស្នងការនគរបាលជាតិ ជឿជាក់ទៅលើការដឹកនាំ របស់លោកស្នងការថ្មី ព្រោះគាត់មានបទពិសោធន៍ ដឹកនាំអស់រយៈពេល១០ឆ្នាំ ក្នុងអង្គភាពអន្តរគមន៍ពិសេស នៅរាជធានីភ្នំពេញ ដូច្នេះគាត់អាចដឹងការងារច្រើន ក្នុងការអនុវត្តន៍ច្បាប់ឲ្យមានតម្លាភាព ក្នុងជួរអង្គភាពឲ្យមានវិន័យល្អ ក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិ ៕