ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវ ការសោកស្ដាយ ដែលមន្ត្រីនគរបាលជាតិចំនួន ៧នាក់ នៅខេត្តកំពង់ស្ពឺ អួតអាងអំណាច យកកាំងបាញ់បោះសេរី ធ្វើឲ្យមានការរិៈគន់ពីមហាជន នាំឲ្យខូចឈ្មោះអង្គភាព ។
ក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២៧ សីហានេះ នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «លោកមានការសោកស្តាយណាស់ ដែលមន្ត្រីនគរបាលជាតិចំនួន ៧នាក់ នៅខេត្តកំពង់ស្ពឺ អួតអាងអំណាច យកកាំងបាញ់បោះសេរី ដែលជាទង្វើខុសច្បាប់ ធ្វើឲ្យមានការរិៈគន់ពីមហាជន នាំឲ្យខូចឈ្មោះអង្គភាព ដើម្បីកុំខូចឈ្មោះដល់ អង្គភាពនគរបាលជាតិ លោកបានសម្រេចិត្ត និងសហការជាមួយ ស្នងការខេត្តកំពង់ស្ពឺ បញ្ជូនអ្នកទាំង ៧នាក់ ទៅតុលាការ ដើម្បីវិនិច្ឆ័យទៅតាមផ្លូវច្បាប់» ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មន្រ្តីនគរបាលចំនួន ៧នាក់ ត្រូវបានលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ តាមអំណាចដីកា លេខ៩៦៥, ៩៧០, ៩៦៤, ៩៦៩, ៩៦៧, ៩៦៨ និង ៩៦៦ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី អធិការរងទទួលផែនសន្តិសុខ នៃអធិការដ្ឋាននគរបាល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក GLock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន ៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ឌឺដងអាវុធរៀងៗខ្លួន ហើយបានមកឈរបាញ់បោះបន្ថែមទៀត ប៉ុន្តែការបាញ់បោះនោះពុំបណ្តាលឲ្យ មានជនណាម្នាក់រងរបួសស្នាមនោះឡើយ។ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោង ៧នាក់នោះ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
ក្រុមមន្ត្រីនគរបាលនេះ ត្រូវបានសារព័ត៌មាន និងប្រជាពលរដ្ឋ ពិសេសបណ្តាញទំនាក់ទំនងសង្គម ធ្វើការរិះគន់ថា អាងខ្លួនជាសមត្ថកិច្ចផឹកស៊ីស្រវឹង បាញ់បោះសេរី បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាច ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ប្រមូលភស្តុតាង និងកសាងសំណុំរឿងបញ្ជូនមន្ត្រីចំនួន ៧នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តបាញ់បោះ នៅទីសាធារណ: ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យវិនិច្ឆ័យតាមនីតិវិធីច្បាប់ ។
លោកបានបញ្ជាក់បន្ថែមទៀតថា ការប្រព្រឹត្តរបស់មន្ត្រីនគរបាលទាំង ៧នាក់ ខាងលើ គឺផ្ទុយពីបទបញ្ជា និងវិន័យរបស់កងកម្លាំង នគរបាលជាតិ ដែលមិនអាចលើកលែងឲ្យបាន ៕