ទាហានវៀតណាម ពិតជាបានសាងសង់តង់ថ្មី នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា ទោះបីអាជ្ញាធរកម្ពុជា ទាមទារឲ្យបញ្ឈប់ តែភាគីវៀតណាមមិនព្រមឡើយ (Video)

0

ភ្នំពេញ៖ ទាហានវៀតណាម ពិតជាបានសាងសង់តង់ថ្មី ដែលមានលក្ខណៈ ជាជម្រករឹងមាំពិតមែន នៅចំណុចទីតាំងតង់ចាស់ ដែលបានរុះរើកន្លងមកហើយ ការសាងសង់នេះក៏ត្រូវបាន នាយប៉ុស្ដិ៍នគរបាលក្អមសំណ ស្នើទៅភាគីទាហានវៀតណាម ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ តែត្រូវបានបដិសេធដោយទាហានវៀតណាមថា កិច្ចការនេះជាបញ្ជាពីថ្នាក់លើរបស់គេ។

យោងតាមលិខិតរបស់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលផ្ញើជូន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧៖០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាល ការពារព្រំដែនក្អមសំណចំនួន ៨នាក់ បានសហការជាមួយកម្លាំងយោធា ការពារព្រំដែនកង៦០១ចំនួន ៧នាក់ និងលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យនៅចំណុច ទីតាំងតង់ចាស់របស់យោធា ការពារព្រំដែនវៀតណាមប៉ុស្តិ៍៩២៥ វិញសឿងនៅនិយាមកា514575-1206948 ភូមិភូវី ឃុំភូឡូក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បានជួបភាគីវៀតណាម កំពុងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសីដោយឃ្លាត ពីខ្សែបន្ទាត់ព្រំដែនដែលយើង គ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ ១២០ម៉ែត្រ»។

លិខិតដដែលបន្ថែមថា «ទន្ទឹមនោះកម្លាំងទាំង ៣អង្គភាពខាងលើ បានជួបជាមួយប្រធានប៉ុស្តិ៍ ៩២៥វិញសឿង ដើម្បីទាមទារឲ្យភាគីវៀតណាម បញ្ឈប់សកម្មភាព សាងសង់តង់ថ្មីខាងលើនេះ។ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេ មានគម្រោងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ចំនួន ៤គោលដៅលើគោលដៅចាស់ ដែលមានស្រាប់។ លុះនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានចុះត្រួតពិនិត្យ នៅទីតាំងខាងលើនេះម្ដងទៀត និងបានសំណូមពរឲ្យ ភាគីវៀតណាមបញ្ឈប់ ការសាងសង់ជាបន្ទាន់។ ប៉ុន្តែភាគីវៀតណាមមិនព្រម ឯកភាពបញ្ឈប់ការ សាងសង់នោះឡើយ»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ធ្លាប់បានថ្លែងថា វៀតណាមបានបោះតង់ និងដាក់កម្លាំងយោធាចំនួន ៣១កន្លែង នៅ ស្រុកលើកដែក និង ស្រុកកោះធំ ក្នុងខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន និងបានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្សនិស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ៕