ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស (WATERGEN) ប្រភេទ GEN-M និងរថយន្តនេះផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់កាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ នៅតាមមជ្ឈដ្ឋាននានា ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងសាធារណការ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញប្រគល់-ទទួលម៉ាស៊ីន ផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច ជូនកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហម និងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ ជាបច្ចេកវិទ្យាមក ពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធ ចេញពីខ្យលក្នុងបរិយាកាស ដោយស្វ័យប្រវត្តិ បានប្រមាណ ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការ ប៉ះពាល់បរិស្ថាន។
ជាងនេះទៅទៀតលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «ម៉ាស៊ីន និងរថយន្តនេះផ្តល់ អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់កាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ នៅតាមមជ្ឈដ្ឋាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋ» ។
គួរកត់សម្គាល់ថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនាឱកាសនេះ គឺជាការបង្ហាញនូវ កាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសុខភាពល្អ និងជីវភាពរស់នៅរបស់បងប្អូន កាន់តែមានភាពប្រសើរឡើងជាលំដាប់ ៕