ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួនបានអះអាងថា នឹងធ្វើរបាយការណ៍អំពី ស្ថានភាពនៃយានដ្ឋានគ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត តែកែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់។
ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ពិភាក្សាពីវិធានការទប់ស្កាត់ យានដ្ឋានជួសជុលនិងកែច្នៃ និងយានដ្ឋានដំឡើង យានយន្តខុសច្បាប់ ការគ្រប់គ្រងឯកសារចុះបញ្ជីយានយន្ត ការត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ការងារគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍ តាមដងផ្លូវជាតិនិងការងារត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា «ក្រសួងត្រូវបន្តសហការ ជាមួយអាជ្ញាធរដែនដី ជាពិសេសនគរបាល និងកងរាជអាវុធហត្ថ ដើម្បីចាត់វិធានការលើយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស»។
ដោយឡែក ចំពោះវិធានការទប់ស្កាត់ការ ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមមន្ត្រីជំនាញពាក់ព័ន្ធ ប្រើប្រាស់យន្តការជញ្ជីងចល័ត ជញ្ជីងបង្កប់ក្រោមតួផ្លូវ (WEIGHT IN MOTION) និងកាមេរ៉ាចាប់យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ឱ្យបានច្រើនកន្លែង ដើម្បីតាមចាប់យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដែលគេចវេះ មិនព្រមចូលថ្លឹងនៅតាមស្ថានីយជញ្ជីង ដែលជាមូលហេតុចម្បង នាំឱ្យមានគ្រោះថ្នាកចរាចណ៍ អន្តរាយដល់ផ្លូវថ្នល់ និងខាតបង់ថវិកាជាតិជាដើម។
ទាក់ទងនឹងការគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍ តាមដងផ្លូវជាតិលោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ របស់ក្រសួងសិក្សាលម្អិតគ្រប់ផ្លូវទាំងអស់ ដើម្បីរៀបចំបំពាក់ស្លាកសញ្ញា ឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ងាយមើលឃើញ និងមានគុណភាពល្អអាច ប្រើប្រាស់បានយូរអង្វែងដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ការផ្ទេរកម្មសិទ្ធិយានជំនិះ នឹងត្រូវធ្វើតាមប្រព័ន្ធអនឡាញ ដោយហេតុថាក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអគ្គនាយកពន្ធដារ ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋគ្រាន់តែចូលទៅកាន់ កន្លែងផ្តល់សេវាដែលកំណត់ដោយក្រសួង តែមួយកន្លែងជាការស្រេច ដើម្បីទទួលបានសេវា និងបង់ពន្ធប្រាប់ត្រា ដោយប្រើប្រាស់រយៈពេលខ្លី លឿនរហ័ស និងមិនស្មុគស្មាញ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងនឹងផ្ដល់គ្រឿងចក្រជូនមន្ទីរទាំង២៥ រាជធានី-ខេត្ត អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលជាអគ្គនាយកដ្ឋាន ទើបតែបង្កើតថ្មី និងក្រុមការងារពិសេស ចុះត្រួតពិនិត្យគុណភាពផ្លូវ យកទៅប្រើប្រាស់តាមតម្រូវការ និងប្រើប្រាស់គ្រឿងចក្រទាំងនេះ ឱ្យអស់លទ្ធភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍវិស័យនេះឱ្យ កាន់តែរីកចម្រើនថែមទៀត ៕