ក្រសួងពាណិជ្ជកម្ម ប្រកាសថា មិនដែលពិសោធន៍ និងទទួលស្គាល់ផលិតផល ម្សៅទឹកដោះគោម៉ាក Nutrilatt ប្រភេទទាំងនេះទាល់តែសោះ (Video)

0

ភ្នំពេញ៖ មន្ទីរពិសោធន៍នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ពុំដែលធ្វើការពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ នូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខ B/N: 537 / 562 / 563 / 568 ទាល់តែសោះ។

តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីម្សិលមិញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានមិនពិត ដែលបានអះអាងលើ លិខិតបដិសេធ របស់ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ថា “ការប្រកាសលទ្ធផល ជាឯកតោភាគី របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលលទ្ធផលនោះ មានភាពខុសគ្នាយ៉ាងខ្លាំង ពីលទ្ធផលដែលក្រុមហ៊ុន ទទួលបានពីមន្ទីរពិសោធន៍ BVAQ និងមន្ទីរពិសោធន៍ ALS នៃប្រទេសសឹង្ហបុរី ដែលមានលេខកូដ៖ 537 / 562 / 563 / 568 ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ តែងតែយកទៅធ្វើពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ។ ”

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមធ្វើការបញ្ជាក់លើការ ចោទប្រកាន់ខាងលើ ដូចតទៅ៖

•មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ពុំដែលធ្វើការពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ នូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខ B/N: 537 / 562 / 563 / 568 ទាល់តែសោះ។

•លទ្ធផលវិភាគគំរូម្សៅទឹកដោះគោម៉ាក Nutrilatt មានលេខ B/N: 487 / 488 / 536 / 537 / 538 / 539 ដែលអគ្គនាយកដ្ឋាន បានធ្វើការប្រកាស ជាលទ្ធផលវិភាគដែលបាន ធ្វើឡើងដោយមន្ទីរពិសោធន៍ឯករាជ្យ និងទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) នៅប្រទេសសឹង្ហបុរី (Eurofins Food Testing Singapore PTE LTD)។

•ដំណើរការកាត់ស្រោមសំបុត្រ ការបញ្ចូលទិន្នន័យ និងការប្រកាសលទ្ធផលនេះ បានធ្វើឡើងដោយមាន ការចូលរួម និងអង្កេតយ៉ាងម៉ត់ចត់ ពីភាគីពាក់ព័ន្ធជាច្រើនដូចជា៖

(1).តំណាងក្រុមហ៊ុន Nutrilatt ដោយផ្ទាល់ ជាពិសេសការបញ្ចូលទិន្នន័យ លើតារាងប្រៀបធៀបលទ្ធផល ជាមួយនឹងស្តង់ដារកូដិចអន្តរជាតិ ធ្វើឡើយដោយភាគីក្រុមហ៊ុន Nutrilatt (មានរូបថត)

(2).តំណាងមាតាបិតា ទារករងគ្រោះចំនួន ១៩នាក់

(3).តំណាងមាតាបិតាទារកដែលបាន និងកំពុងប្រើប្រាស់ម្សៅទឹកដោះគោ Nutrilatt ចំនួន៣នាក់

(4).តំណាងអង្គការអន្តរជាតិ ធ្វើការលើផ្នែកសុខភាព ទារកនិងកុមារ ដូចជា អង្គការសុខភាពពិភពលោក WHO, អង្គការ UNICEFF, អង្គការ Hellen Keller International

(5).តំណាងមជ្ឈមណ្ឌលគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មិនមែនធ្វើការប្រកាសលទ្ធផល ខាងលើជាលក្ខណៈឯកតោភាគី ដូចក្រុមហ៊ុនបានប្រកាសឡើង៕