ភ្នំពេញ៖ មិនដឹងជាមានវិបត្តិអ្វីទើប ឪពុកបង្កើតដាច់ចិត្តច្របាច់កកូនស្រី បីនាក់សម្លាប់ចោល ដោយមិនអាសូរ រួចក៏បានចងកសម្លាប់ខ្លួន តាមក្រោយដែរផងដែរ។ ហេតុការណ៍នេះ បានកើតឡើងព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសំដីប្រពន្ធជនរងគ្រោះ និងជាម្តាយកូនស្រីទាំង៣នាក់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ក៏បានរុញច្រានទ្វារហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់ តែឃើញជនរងគ្រោះជាប្ដី បានចងកស្លាប់បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បង ស្លាប់នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាឲ្យមកជួយ និងស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង និង បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់ពីមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង ៣នាក់ បានស្លាប់ដោយសារច្របាច់ក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅកន្លែងកើតហេតុតែម្ដង។
សពទាំង៤នាក់ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕