ក្រសួងធម្មការ ណែនាំ ៦ចំណុច សម្រាប់រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងធម្មការ នៅថ្ងៃទី២៦ សីហានេះ បានឲ្យដឹងថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយ ក្នុងព្រះពុទ្ធសាសនា ដែលមានមកជាយូរហើយ ដើម្បីរក្សាទំនៀមទម្លាប់ដ៏ប្រពៃ របស់ដូនតាខ្មែរយើង ដែលកំណត់យកថ្ងៃបុណ្យកាន់បិណ្ឌ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច និងថ្ងៃភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលថ្វាយ-ប្រគេន-ជូនទៅបុព្វការីជន មានអតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឈាយាចារ្យ ជីដូន ជីតា មាតាបិតា ដែលទ្រង់បានសោយ ព្រះទិវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយផង ដល់ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិជាដើមផង និងដើម្បីកូនខ្មែរយើងបានបំពេញ នូវអំពើល្អគឺបុណ្យកុសលផង ។

អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធធ្វើពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ប្រជាពលរដ្ឋនឹង ចូលរួមធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាមនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទៅតាម ប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងន័យនេះ ដើម្បីចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា សូមជម្រាបជូនលោកប្រធានមន្ទីរធម្មការ និង សាសនាគ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនាមានព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្តអារាម ដើម្បីអនុវត្តនូវកិច្ចការចាំបាច់មួយចំនួន និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិធីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដូចខាងក្រោម៖

១.រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ

២.សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម

៣.រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបាន សមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង

៤.តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ ក្រសួងសុខាភិបាល

៥.ផ្សព្វផ្សាយនូវរាល់ សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

៦.រៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់ លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀត ឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕