ឱកាសការងារជាង១០០កន្លែង កំពុងរង់ចាំអ្នក ក្រោយឈប់សម្រាក សងចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ បន្ទាប់ពីបានឈប់សម្រាកថ្ងៃ សងចូលឆ្នាំខ្មែរ យ៉ាងសប្បាយ រីករាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូននូវឱកាស ការងារចំនួន១៣៣កន្លែង ក្នុងមុខតំណែងជាច្រើន ពីក្រុមហ៊ុនធំៗចំនួន០៣ នឹងត្រូវផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះ។ ចំពោះក្រុមហ៊ុនធំៗទាំង០៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាស ប្រចាំខែសីហា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ EZECOM, DKSH Cambodia, Goodhill Enterprise (Cambodia) Ltd ។នេះបើយោងតាមក្រសួងការងារ។

បើតាមលោក ឆោម សុខឿន ប្រធានស្ដីទីមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែសីហានេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ភាគីនិយោជក ដែលកំពុងមាន តម្រូវការជ្រើសរើសបុគ្គលិក ទាំង ពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយ អ្នកកំពុងស្វែងរក ការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការ របស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណង ស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបាន សមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង ។

លោក សុខឿន បានរំលឹកបន្ថែមទៀតថា កម្មវិធីនេះគឺជាផ្នែកមួយនៃយន្តការ វេទិកាការងាររបស់ រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរក ការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕