ភ្នំពេញ៖ សិក្ខាកាមយោធាកម្ពុជាចំនួន ៤០រូប ដែលកំពុងសិក្សានៅតាមបណ្តា គ្រឹះស្ថាន ឧត្តមសិក្សាអប់រំយោធា នៃក្រសួងការពារជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗ មួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ី បានចូលរួមក្នុងកម្មវិធី ប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។
យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា សិក្ខាកាមដែលស្ម័គ្រចិត្តចូលរួម ប្រកួតក្នុងកម្មវិធីនេះរួមមាន៖ មកពីសាលាបញ្ជាការយោធាជាន់ខ្ពស់ ទ័ពអាកាសឆ័ត្រយោងទីក្រុងរីហ្សាញ់ចំនួន ៧នាក់, សិក្ខាកាមសិក្សានៅបណ្ឌិតសភា អវកាសយោធា MOZAISKOVO ទីក្រុងសាំងពីទ័រស្បឺគចំនួន ១០នាក់, សិក្ខាកាមយោធាសិក្សា នៅបណ្ឌិតសភាយោធា កងទ័ពការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុងស្មាលលែន ចំនួន ៥នាក់, សិក្ខាកាមសិក្សានៅវិទ្យាស្ថានវិស្វករកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា ចំនួន១០នាក់, និងសិក្ខាកាមសិក្សានៅបណ្ឌិតសភា យោធាការពារវិទ្យុសកម្ម គីមីសាស្រ្ត និងជីវសាស្រ្ត ទីក្រុង KOSTROMA ចំនួន ៨នាក់។
ក្នុងរបាយការណ៍ដដែល ក៏បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជា មកពីគ្រឹះស្ថានចំនួន ២ ក៏ធ្លាប់បានចូលរួម ប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុម ទទួលបានចំណាត់ថ្នាក់លេខ២ និងមួយក្រុមទៀតទទួលចំណាត់ថ្នាក់លេខ៣។
គួរបញ្ជាក់ជូនផងដែរថា កម្មវិធី International Army’s Games គឺជាកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានបេក្ខភាពចូលរួម ប្រកួតចម្រុះដោយសិក្ខាកាម ជានិស្សិតយោធាតាមបណ្តា ប្រទេសផ្សេងៗជាច្រើន។ កម្មវិធីនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយ នឹងវេទិការបច្ចេកទេស យោធាអន្តរជាតិលើកទី៦ (6th International Military-Technical Forum “Army-2020”) ដែលរៀបចំដោយ ក្រសួងការពារជាតិរ៉ូស្ស៊ី និងជាព្រឹតិ្តការណ៍ការតាំងពីព័រណដ៏ធំមួយ នៅប្រទេសរុស្ស៊ី ផ្ដោតលើវិស័យយោធា ដូចជា បច្ចេកវិទ្យាយោធា គ្រឿងសព្វាវុធ និងឧបករណ៍យោធាដែលជឿនលឿន សម្រាប់ភ្នាក់ងារសន្តិសុខ ៕