ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលោក វ៉ា គឹមហុង ប្រធានគណៈកម្មការ កិច្ចការព្រំដែនកម្ពុជា ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែន ជាមួយវៀតណាមរួចរាល់ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ សីហានេះថា «សម្តេចតេជោ បានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែន តបតាមសំណួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តី » ។
លោកបន្តថា សម្តេចតេជោ ក៏បានណែនាំឲ្យរដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន តបតាមសំណួរបស់លោក ដែលបានសួរទៅកាន់ នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
តាមរយៈលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះលោក ពេជ្រ ស្រស់ បានលើកសំណួរថា តើរាជរដ្ឋាភិបាលមានគម្រោង បញ្ជូនអ្នកជំនាញព្រំដែន ទៅជួបប្រជាពលរដ្ឋដែល អះអាងថា បាត់ដីពួកគាត់ ក្រោយបោះបង្គោលព្រំដែន ជាមួយវៀតណាម រួចរាល់ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដែរឬទេ?
លោកបន្តថា ដោយហេតុថា លោក វ៉ា គឹមហុង ធ្លាប់បានអះអាងថា បើមានប្រជាពលរដ្ឋណាមួយ អះអាងថា បាត់ដីដោយសារតែ បោះបង្គោលព្រំដែនពីគណៈកម្មការព្រំដែន គឺប្រជាពលរដ្ឋនោះអាចប្តឹង មកគណៈកម្មការព្រំដែន ដើម្បីគណៈកម្មការព្រំដែន ចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យ និងដោះស្រាយ ជូនប្រជាពលរដ្ឋនោះ ហើយការអះអាងរបស់លោក វ៉ា គឹមហុង ខាងលើគឺធ្វើឡើងក្នុងកិច្ចប្រជុំរវាង គណៈកម្មការព្រំដែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កន្លងទៅ ។
លោកលើកជាសំណួរបន្ថែមថា តើរាជរដ្ឋាភិបាលនឹងបង្ហាញ ឯកសារស្តីពីការបោះបង្គោល ព្រំដែនជាមួយនឹង ប្រទេសជិតខាងឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងផងបានឬទេ?
លោកគូសបញ្ជាក់ថា ចំពោះសំណួរទាំង២នេះ គឺលោកមានគោលបំណង បញ្ចប់ភាពចម្រូងចម្រាស់រវាងខ្មែរ និងខ្មែរគ្នាឯងជុំវិញរឿងព្រំដែន ៕