ភ្នំពេញ៖ លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន បានសម្ដែងនូវការជឿជាក់ថា ផលិតផលផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេសចិន នាពេលដែលក្រុមហ៊ុនដាក់លក់ នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្ម ព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន ។
យោងតាមហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ សីហា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងវិស័យកសិកម្មនៅកម្ពុជា។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរមកកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយភាគីចិនបានបង្កើនបរិមាណ នៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជា នាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ ទៅកាន់ប្រទេសចិនផងដែរ។
ពាក់ព័ន្ធនឹងគម្រោង វិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជា ចេញទៅប្រទេសចិនរបស់ក្រុមហ៊ុន លោករដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រ ហើយបញ្ជាក់ថា គម្រោងវិនិយោគនេះ គឺពិតជាស្របតាមផែនការ អភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតកម្មកសិកម្ម ក្នុងស្រុកតាមរយៈការ ធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះដែរលោក Wang Bingham បានថ្លែងអំណរគុណលោកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបរូបលោកនារសៀនេះ ។
លោកបានបញ្ជាក់ថា «បន្ទាប់ពីបានទស្សនកិច្ចសិក្សា ស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថា នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេសចិន នាពេលដែលក្រុមហ៊ុនដាក់លក់ នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្ម ព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន» ។
ដើម្បីឱ្យគម្រោងនេះ ទទួលបានជោគជ័យ លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីលោករដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផល ខាងលើទៅប្រទេសចិន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំដល់ក្រុមហ៊ុន សហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពី សក្តានុពុលនៃផលិតកម្ម ឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាព អាចជួយសម្របសម្រួលក្នុងការធ្វើ ផលិតកម្មកសិកម្មតាម កិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ ៕