សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ និខ្យល់កន្ត្រាក់! ពីថ្ងៃ២៦ សីហា ដល់ថ្ងៃ១ កញ្ញា កម្ពុជា អាចមានភ្លៀងធ្លាក់ ពីខ្សោយទៅបង្គួរ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៥ សីហា បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើ ព្រះរាជាណាចក្រកម្ពុជា ។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១- បណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ឋាន៖

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី៣២-៣៤°C

ចាប់ពីថ្ងៃទី២៦-២៧ សីហា បណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យនឹងអាច មានភ្លៀងធ្លាក់តិច ។ បន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយនៅក្នុងកម្រិត ពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្ដាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច ។

២-បណ្ដាខេត្តនៅតំបន់ផ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។

នឹងអាចមានភ្លៀងធ្លាក់តិច ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកមួយចំនួននៃបណ្តាខេត្ត ស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ៕