ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ បានប្រទះឃើញមាន ការធ្វើរបងនិងរាយបន្លាលួស លើទីតាំងដីដែលក្រុមការងារ ធ្លាប់បានចុះបង្រ្កាបករណីបទល្មើស រើរានដីធ្វើកម្មសិទ្ធិម្តងរួចហើយ នៅមាត់ពាមអូរចិនតៃ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងដាក់បណ្ដឹងទៅតុលាការរួចហើយ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា « ជាមួយគ្នានេះ ក្រុមការងារបានដក និងកម្ទេចចោលបង្គោលរបងចំនួន ១០០ដើម និងបំផ្លាញបន្លាលួស ចោលប្រវែងប្រមាណ ៤០០ម៉ែត្រ ហើយចុះពិនិត្យនៅទីតាំងរោងចាស់ ក្នុងចម្ការខាងលើ ប៉ុន្តែពុំមានមនុស្សរស់នៅទេ។
បច្ចុប្បន្នវត្ថុតាងខាងលើ ក្រុមការងារមិនអាចដឹកយកមក រក្សាទុកនៅទីស្នាក់ការបានទេ ដោយសារស្ថានភាពផ្លូវ មានការលំបាកខ្លាំង។ ក្រុមការងារ កំពុងបន្តស្រាវជ្រាវរកសាវតាជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់» ៕



