ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានបង្ហាញនូវសេចក្តីប្រាថ្នារួម ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និងវប្បធម៌ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅកម្ពុជា នៅថ្ងៃទី២២ សីហា បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ខាប់ពីថ្ងៃទី២១ ដល់២២ ខែសីហា ឆ្នាំ២០២០ ដើម្បីពង្រឹងពង្រីកទំនាក់ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបានចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងចូលរួមពិសាអាហារថ្ងៃត្រង់ រៀបចំដោយសម្តេចតេជោ ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សខុន រដ្ឋមន្រី្តការបរទេស និងសហប្រតិបតិ្តការអន្តរជាតិផងដែរ ។
លោក ម៉ូតេហ្គី តូស៊ីមីសឺ បានសម្តែងការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសម្រេចបានវឌ្ឍនភាព សេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងក្លា និងទប់ស្កាត់បានដោយជោគជ័យ នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។
ភាគីកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុនដែលបានចូលរួម ចំណែកធំធេងដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយថ្មីៗ បានផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានជួយឧបត្ថម្ភដល់ពលរដ្ឋ និងកម្មសិក្សាការីខ្មែរស្នាក់នៅជប៉ុន ដែលជួបការលំបាក ដោយសារជំងឺរាលដាលនេះ។ ភាគីកម្ពុជា កោតសរសើរកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាល និងប្រជាជន
ជប៉ុនដែលបានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ ១៩។ ភាគីទាំងពីរបាន ប្តេជ្ញាចិត្តជាមួយគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធនឹងជំងឺនេះ ទន្ទឹមគ្នានឹងការស្តារ សេដ្ឋកិច្ច សង្គមឡើងវិញ។
ភាគីទាំងពីរ បានសម្តែងការពេញចិត្ត យ៉ាងខ្លាំងចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបានឯកភាពគ្នាបន្ត ពូនជ្រុំឱ្យកាន់តែល្អប្រសើរថែមទៀត។ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ច រវាងប្រទេសទាំង២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ភាគីទាំងពីរបានឯកភាពឲ្យបើកឡើងវិញ តាមដំណាក់កាល និងជាបណ្តើរៗនូវការធ្វើដំណើរ ឆ្លងដែនរវាងកម្ពុជា និងជប៉ុន សម្រាប់អ្នកដំណើរក្នុង គោលដៅបំពេញការងារ និងធុរកិច្ច ដោយគោរពយ៉ាងម៉ឺងម៉ាត់ នូវវិធានការទប់ស្កាត់ជំងឺរាតត្បាត។
ភាគីទាំងពីរ នឹងធ្វើការជាមួយ អាជ្ញាធរមានសមត្ថកិច្ចរៀងខ្លួន ដើម្បីចាប់ផ្តើមការធ្វើដំណើរ ឆ្លងដែនសម្រាប់ការស្នាក់នៅ រយៈយូរលើស ១៤ថ្ងៃ «ច្រកចូលសម្រាប់ការស្នាក់នៅ» នៅដើមខែកញ្ញា ឆ្នាំ២០២០ និងពន្លឿនកិច្ចពិភាក្សា ស្តីពីការអនុវត្តការធ្វើដំណើរឆ្លងដែន សម្រាប់ការស្នាក់នៅរយៈខ្លីជាង ១៤ថ្ងៃ «ច្រកសម្រាប់ធុរកិច្ច» ។
ភាគីកម្ពុជា បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបន្តផ្តល់ជំនួយ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តគាំទ្រ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីដំណើរការ អនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមទាំងគម្រោងអភិវឌ្ឍន៍ កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ខណៈ ដែលកម្ពុជាបានប្តេជ្ញា បន្តខិតខំកែលំអបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែ ប្រសើរឡើងថែមទៀត។
ភាគីទាំងពីរ ក៏បានសម្តែងសេចក្តីប្រាថ្នារួម ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និងវប្បធម៌ ។ ភាគីជប៉ុន បានសម្តែងនូវឆន្ទៈគាំទ្រ កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងសមត្ថភាព ឧស្សាហកម្មកែឆ្នៃកសិផល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាទំនើប និងពង្រីកកិច្ចសហប្រតិបតិ្តការអភិរក្ស ប្រាសាទបុរាណនៅកម្ពុជា។ ភាគីកម្ពុជា បានសម្តែងការពេញចិត្តចំពោះ សកម្មភាពជំរុញការ ប្រាស្រ័យទាក់ទងផ្នែកវប្បធម៌ និងអប់រំ របស់ការិយាល័យទំនាក់ទំនង មជ្ឈមណ្ឌលអាស៊ីនៃ មូលនិធិជប៉ុន នៅភ្នំពេញ ហើយស្វាគមន៍ឱ្យការិយាល័យនេះ បន្តតាំងនៅជាអចិន្រ្តៃយ៍ ក្នុងប្រទេសកម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនលើបញ្ហា ក្នុងតំបន់និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍រួម ដូចជា បញ្ហាសមុទ្រចិនខាងត្បូង កិច្ចខិតខំដើម្បីសម្រេចឱ្យ បានឆាប់នូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការលុបបំបាត់ អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ គំនិតនៃទស្សនវិស័យអាស៊ាន ស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ ដែលផ្តួចផ្តើមដោយជប៉ុន។ ភាគីទាំងពីរ បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងធ្វើការជិតស្និទ្ធ ដើម្បីធ្វើការបន្ស៊ីគ្នានូវ រាល់គំនិតផ្តួចផ្តើមទាំងអស់ ដែលមានគោលដៅក្នុងការ លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ភាគីកម្ពុជា អរគុណជប៉ុនចំពោះ ការគាំទ្រគម្រោងអភិវឌ្ឍន៍ ក្រោមក្របខណ្ឌតំបន់ ជាពិសេស កិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន និងការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រប់គ្រងភាពអាសន្ន សុខភាពសាធារណៈ និងជំងឺឆ្លង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការរីករាយ ក្នុងការអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន ដែលនឹងរៀបចំឡើង នៅដើមឆ្នាំ២០២១ នៅប្រទេសជប៉ុន។ លោក ម៉ូតេហ្គី បានបញ្ជាក់សាជាថ្មី នូវការគាំទ្ររបស់ជប៉ុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងរៀបចំដោយកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២១ ឱ្យទទួលបានជោគជ័យ ៕