នាយករដ្ឋមន្រ្តី រីករាយដែលបានឃើញ ពលរដ្ឋជាច្រើនដើរលេងកំសាន្ត នៅទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព

0

ភ្នំពេញ៖ បន្ថែមពីលើការសាកសួរសុខទុក្ខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងភាពរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មានឱកាសបានឈប់សម្រាក នាំក្រុមគ្រួសារទៅកំសាន្ត នៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើន នៅទូទាំងប្រទេសប្រកប ដោយសុវត្ថិភាព ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី២៣ សីហា នេះថា «ខ្ញុំពិតជារីករាយដែលបានឃើញ បងប្អូនប្រជាពលរដ្ឋមានឱកាស បានឈប់សម្រាកនាំក្រុមគ្រួសារ ទៅកំសាន្តនៅតាមតំបន់ រមណីយដ្ឋានល្អៗជាច្រើន នៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។ ជាពិសេសបងប្អូន បានចូលរួមថែរក្សាអនាម័យ សុខភាពចៀសផុត ពីការចម្លងរោគកូវីដ១៩។ ខ្ញុំក៏សូមអរគុណដល់ ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែល បានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាព ជូនបងប្អូនព្រមទាំងភ្ញៀវទេសចរ នៅក្នុងពេលឈប់សម្រាក ដែលមានរយៈពេល ៥ថ្ងៃកន្លងមកនេះ» ។

សម្ដេចនាយករដ្ឋមន្រ្តី បានសរសេរបន្ថែមថា «សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខនិងសំណាងល្អ និងសូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមថែរក្សាសុខភាព កុំអោយឆ្លងជំងឺកូវីដ១៩ អោយសោះ ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាត លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿន សាហាវខ្លាំងណាស់» ៕