ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា នេះថា លោកកង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង រួមទាំងមន្ត្រីនគរបាលចំនួន ៥នាក់ទៀត (សរុប ៦នាក់) នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់កាំភ្លើងអត់ច្បាប់។
ការបញ្ជូនមន្ត្រីនគរបាលទាំង ៦នាក់ ទៅតុលាការធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនមន្ត្រីនគរបាលទាំង៦នាក់នេះ ទៅតុលាការនៅថ្ងៃទី២២ ខែសីហា នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។
មន្ត្រីនគរបាលទាំង ៦នាក់ ដែលត្រូវបញ្ជូនទៅតុលាការមានដូចជា៖
១. លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បាញ់បោះសេរីចំនួន ៣គ្រាប់ កាលពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេនសាលាស្រុកសំរោងទង។
២. លោកអនុសេនីយ៍ឯក ដន សុខុម នាយរងផ្នែកសន្តិសុខ បាញ់ចំនួន ២គ្រាប់។
៣. លោកអនុសេនីយ៍ត្រី ព្រីង ឡង់ឌី នាយរងប៉ុស្តិ៍វល្លិសរ បាញ់ចំនួន ២គ្រាប់
៤. លោកអនុសេនីយ៍ត្រី កាន់ សៅលី នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់
៥. លោកអនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណារ៉ា នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់
៦. លោកព្រិន្ទបាលទោ នី សុភាក់ មន្ត្រីប៉ុស្តិ៍ទំព័រមាស បាញ់ចំនួន ២គ្រាប់
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ៣គ្រាប់ នៅចំណុចបរិវេនសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់ ប៉ុន្តែនៅកន្លែងក់តហេតុ រកឃើញសំបកគ្រាប់ចំនួន១១គ្រាប់។ ហើយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង។លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋបែរជាទៅផឹកស្រាស្រវឹងនិងបាញ់បោះសេរីខុសច្បាប់៕