ជប៉ុន ស្នើកម្ពុជា បើកដំណើរការ ជើងហោះហើរឡើងវិញ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច (Video)

0

ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បើកដំណើរការជើងហោះហើរ រវាងប្រទេសទាំងពីរឡើងវិញ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ច ។ នេះបើយោងតាមបណ្ដាញសង្គម ហ្វេសប៊ុក សម្ដេចតេជោ ។

ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ សីហានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរ សម្រាប់ប្រទេសកម្ពុជា។

លោកក៏បានកោតសរសើរ ចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេស ក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍ យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ លោកថា ក្នុងដំណើរទស្សនកិច្ច របស់លោកមកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺលោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍ រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ លោកក៏បានគោរព ជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានស្នើសុំដើម្បី ធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដូចជាការធ្វើដំណើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ ។

ជាមួយគ្នានោះផងដែរ លោកក៏បានជម្រាបជូន សម្ដេចតេជោថា ភាគីជប៉ុនបានធ្វើការ សិក្សាចប់សព្វគ្រប់ហើយ ទៅលើកំពង់ផែក្រុងព្រះសីហនុ សម្រាប់ធ្វើយ៉ាងណាឲ្យកំពង់ផែ នោះទទួលកប៉ាល់ធំៗចូលចត ក្នុងន័យនេះ លោកបានស្នើសុំសម្ដេចតេជោ ឲ្យមានការគាំទ្រគម្រោងនេះផងដែរ ។

ជាការឆ្លើយតប សម្តេចតេជោ បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្ត្រីការបរទេសជប៉ុន សារជាថ្មីទៀតបន្ទាប់ពីបាន ជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។ សម្ដេច ក៏បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយដែលបានផ្ដល់មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុងការចូលរួម ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងអរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាជួយពលករ ក៏ដូចជាដល់និស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។

សម្ដេចតេជោ ក៏បានគាំទ្រនូវការបើកឲ្យ ដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើអោយទំនាក់ទំនង និងការផ្ដល់ការ ធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរដែលអាចនាំ មកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាបន្តទៀតផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៩ កម្ពុជា-ជប៉ុន មានទំហំពាណិជ្ជកម្មប្រមាណ ២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ១,២ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ ០,៨ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះរយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ ៨០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ ៣០០លានដុល្លារ។

សម្ដេចតេជោបន្ថែមថា ចំពោះការបើកដំណើរការឡើងវិញ នៃប្រទេសទាំងពីរ សម្តេចបានស្នើឲ្យមានការ ហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាណាណា ដែលការហោះហើរនេះ នឹងអាចនាំអោយការធ្វើដំណើរ រវាងប្រទេសទាំងពីរ មានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវ វិធានការមួយចំនួនផងដែរ។

សម្តេចតេជោបន្តថា ការហោះហើរឡើងវិញនេះ នាំអោយមានការកើនឡើង ក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ។
ជាទីបញ្ចប់សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់កម្ពុជា ជាពិសេសជាមួយនឹងកម្មវិធី ជំនួយក្រៅប្រទេស ដែលរាល់គម្រោងទាំងនោះ មិនមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយទៅវិញកំពុងតែ ដំណើរការជាប្រក្រតី ៕