ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនប្រធានាធិបតីចិន សម្ដែងការសោកស្ដាយ ចំពោះគ្រោះទឹកជំនន់ នៅខេត្តស៊ីឈួន

0

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ សម្តែងការសោកស្តាយជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តស៊ីឈួន ដែលបណ្តាលឲ្យប្រជាជនច្រើនជាង ១០០,០០០ នាក់ ត្រូវបាត់បង់ទីជម្រក និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនផ្សេងទៀត ។

សូមរំលឹកថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន បានបណ្តាលឱ្យទឹកពីទន្លេ យ៉ាងស្សេ ហក់ឡើងឈានដល់ព្រះបាតរបស់ រូបសំណាកព្រះពុទ្ធដ៏ល្បីល្បាញ ជាលើកដំបូង នៅក្នុងទសវត្សនេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រូបធ្លាក់របស់ព្រះពុទ្ធយក្ស Leshan ដែលមានកម្ពស់ ២៣៣ ហ្វីត (៧១ ម៉ែត្រ) កំពុងគង់ (អង្គុយ) នៅខាងក្រៅភ្នំប្រហែល ១ ២០០ ឆ្នាំមុន គឺជាផ្នែកមួយ នៃតំបន់បេតិកភណ្ឌពិភពលោក របស់យូណេស្កូនៅខេត្តស៊ីឈួន ប្រទេសចិន។

ជាធម្មតា រូបបដិមាព្រះពុទ្ធនេះ ឋិតនៅលើទឹកនៃទន្លេយ៉ាងស្សេ ដែលជាទន្លេវែងជាងគេទី ៣ របស់ពិភពលោក ហើយអ្នកទេសចរ ប្រមូលផ្តុំគ្នានៅឯគ្រឹះ (ព្រះបាត) របស់រូបបដិមា។ ប៉ុន្តែតំបន់នោះត្រូវបានបិទកាលពីថ្ងៃច័ន្ទ ដោយសារទឹកទន្លេឡើងខ្ពស់ ល្មមប៉ះនឹងព្រះបាតរបស់ព្រះពុទ្ធ ដែលការហក់ឡើងរបស់ទឹកជំនន់នេះ មិនដែលកើតឡើងយ៉ាង ហោចណាស់ក្នុងរយៈពេល ៧ទសវត្សរ៍មកហើយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋស៊ីនហួរ ៕