ភ្នំពេញ៖ របាយការណ៍បឋម របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន ១.៤៥៩.៣៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន១.៤៤៥.២៣៨ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន១៤.១៤៨នាក់។
យោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាក នៅរាជធានី-ខេត្ត បានខិតខំរៀបចំគោលដៅ ទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ដូចនៅខេត្តសៀមរាប រដ្ឋបាលខេត្តបានខិតខំរៀបចំ បង្កើតអោយមានព្រឹត្តិការណ៍ “សម្រាកសៀមរាប” ទាំងព្រឹត្តិការណ៍កីឡា ទេសចរណ៍ វប្បធម៌ ប្រពៃណី ជាដើម។
ក្រសួងបន្ដថា រដ្ឋបាល រាជធានី-ខេត្ត បានសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងវិស័យឯកជន ខិតខំអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជា ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងប្រារព្វពិធី។
ប្រភពដដែលសង្កេតឃើញថា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ មិនមានការតំឡើងថ្លៃហួសហេតុ លើសេវាស្នាក់នៅ និងម្ហូបអាហារទេ ទោះបី នៅតាមគោលដៅ ទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើន ក្នុងពេលតែមួយក៏ដោយ។ ភ្ញៀវទេសចរមួយចំនួន បានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូន ប្រជាជនក្នុងខេត្តផ្ទាល់។
ក្រសួងទេសចរណ៍បញ្ជាក់ថា ប៉ុន្តែបញ្ហាសំរាម ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគ្រស្មាញ នៅឡើយដោយនៅតាម គោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់ សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែល ពួកគាត់បានទទួលទានអាហារ ៕