ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ៥ថ្ងៃ នៃថ្ងៃឈប់សម្រាកសង បុណ្យចូលឆ្នាំចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន៥១លើក បណ្ដា លឲ្យមនុស្សស្លាប់ ចំនួន២១នាក់ និងរងរបួស ចំនួន៧០នាក់ ផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហា ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ដោយមូលហេតុ ទប់ស្កាត់ជំងឺកូវីដ-១៩។ ទោះបីយ៉ាងណាក៏ដោយ ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ សមត្ថកិច្ចត្រូវបានដាក់ពង្រាយ នៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២១ សីហា បានឲ្យដឹងថា «រយៈពេល៥ថ្ងៃ ក្នុងឱកាសថ្ងៃឈប់សម្រាក មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៥១/៤១លើក (កើន១០លើក ស្មើ២៤%) បណ្តាលឲ្យស្លាប់ ២១/២២នាក់ (ថយ១នាក់ ស្មើ៥%) របួស៧០/៥០នាក់ (កើន២០នាក់ ស្មើ៤០%)»។
ដោយឡែកការពង្រឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ចគ្រប់គោលដៅ បានធ្វើការត្រួតពិនិត្យយានយន្ត ទាំងនៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្ត ល្មើស និងធ្វើការផាកពិន័យសរុបចំនួន ៣.៨៩១គ្រឿង ក្នុងនោះ ម៉ូតូចំនួន ២.៨៨២គ្រឿង។
ក្នុងឱកាសថ្ងៃឈប់សម្រាក ចំនួន៥ថ្ងៃនេះដែរ មានបទល្មើសកើតឡើង ចំនួន៥៨លើក ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន៥៤នាក់។ចំណែក គ្រោះថ្នាក់អគ្គីភ័យ ចំនួន៥លើក បណ្តាលឲ្យឆេះផ្ទះចំនួន៣ខ្នង សិប្បកម្មចំនួន១ និងឃ្លាំងចំនួន១។
ជាងនេះទៅទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា សភាពការណ៍ ក្នុងឱកាសឈប់ សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ មានលក្ខណៈល្អប្រសើរ នៅតាមកន្លែងកំសាន្ត រមណីយដ្ឋាន តំបន់ទេសចរណ៍ និងកម្មវិធីផ្សេងៗ រៀបចំឡើងដោយអាជ្ញាធរខេត្ត ឬជាលក្ខណៈគ្រួសារ បានប្រព្រឹត្តទៅ យ៉ាងអធិកអធមសប្បាយ រីករាយក្រោមកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីសំណាក់កងកម្លាំង នគរបាលជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់៕